ដោយៈ ប៊ី
ភ្នំពេញៈ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងបន្តងើបឡើងវិញនៅឆ្នាំ២០២១ ដោយមានការកើនឡើងពីរខែជាប់គ្នា នៅដើមឆ្នាំនេះ។
ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកុម្ភៈ កម្ពុជាបាននាំចេញផលិតផលមានតម្លៃប្រមាណ៦៤លានដុល្លារ ទៅកាន់ទីផ្សារកូរ៉េខាងត្បូង កើនឡើងជាង២,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលរយៈពីរខែនេះដែរ ទិន្នន័យបានបង្ហាញថា កម្ពុជាបាននាំចូលទំនិញតម្លៃប្រមាណ៩៣លានដុល្លារ ពីកូរ៉េខាងត្បូង ធ្លាក់ចុះ៣,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានទំហំទឹកប្រាក់១៥៨លានដុល្លារ ថយចុះ១,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រកាសបញ្ចប់ការចរចាជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKTFA) កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។
លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ប្រទេសកូរ៉េបានទំហំច្រើនជាងមុន ដោយរំពឹងថា នឹងកើនឡើងពី២០ ទៅ២៥ភាគរយ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏កំណើននាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េកើនឡើងប្រមាណ១៥ភាគរយរួចទៅហើយ។
លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ហើយកិច្ចព្រមព្រៀងនេះដែរ ក៏រំពឹងថានឹងចូលជាធរមានជាផ្លូវការ នៅក្នុងឆ្នាំ២០២១នេះដែរ ព្រោះថាកម្ពុជា និងកូរ៉េខាងត្បូង មានពេលវេលាយូរទៀត ដើម្បីធ្វើកិច្ចការនេះ”។
លោកប៉ាន សូរស័ក្តិបានថ្លែងថា តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្មបានមួយកម្រិតទៀត។
លោកបន្ថែមថា “វាជាមោទនភាពមួយរបស់កម្ពុជា ដែលអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសធំៗ ដូចជា ប្រទេសចិន និងប្រទេសកូរ៉េជាដើម ព្រោះថាប្រទេសធំៗ គេតែងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអភិវឌ្ឍន៍ ខណៈកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចប៉ុណ្ណោះ”៕