ការព្យាករណ៍ៈសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិករំពឹងនឹងហក់់ឡើងខ្ពស់ជាងការព្យាករណ៍

0

ដោយៈសុខុម
វ៉ាស៊ីនតោន: ធនាគារកណ្តាលសហរដ្ឋអាមេរិក Federal Reserve រំពឹងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២១ នេះនឹងទទួលកំណើនខ្លាំងជាងការរំពឹងទុកឆ្ងាយ ខណៈអត្រាចាក់វ៉ាក់សាំងកូវីដ-១៩កើនឡើង ហើយជំនួយសង្គ្រោះរបស់រដ្ឋាភិបាលចាប់ផ្ដើមហូរចូលក្នុងសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៨ មីនា នេះឱ្យដឹងថា ធនាគារកណ្តាលមួយនេះព្យាករថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ នឹងទទួលបានកំនើនជាមធ្យម៦,៥% ដោយកើនឡើងពីកំណើន៤,២% ដែលខ្លួនបានព្យាករកាលពីខែធ្នូ ចុងឆ្នាំ២០២០។

ធនាគារនេះបញ្ជាក់ថា ទស្សនវិស័យសម្រាប់ការងើបឡើងវិញ ក្នុងទីផ្សារការងារក៏ចាប់ផ្ដើមមានពន្លឺល្អដែរ។ ទោះបីស្ថានភាពសេដ្ឋកិច្ច ចាប់ផ្ដើមប្រែជាល្អប្រសើរបណ្ដើរៗបែបនេះក្ដី ក៏ក្រុមមន្រ្តីធនាគារកណ្ដាលមិនបានដំឡើងអត្រាការប្រាក់នោះដែរ។

យោងតាមការព្យាករណ៍ ដែលធនាគារកណ្ដាលបានចេញផ្សាយ ក្រោយកិច្ចប្រជុំជាទៀងទាត់របស់ខ្លួនបង្ហាញថា សមាជិកភាគច្រើនរំពឹងថា នឹងបន្តរក្សាអត្រាការប្រាក់ឱ្យនៅជិតសូន្យ% រហូតដល់ក្រោយឆ្នាំ២០២៣។


ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំ លោក Jerome Powell ទេសាភិបាលនៃធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក លើកឡើងថា “សេដ្ឋកិច្ចបានងើបឡើងវិញលឿនជាងការរំពឹងទុក។ ទន្ទឹងនឹងយើងស្វាគមន៍ការរីកចម្រើនជាវិជ្ជមានទាំងនេះ យើងក៏មិនគួរសប្បាយចិត្តភ្លេចខ្លួននោះដែរ”។

ការកែលម្អចក្ខុវិស័យនេះរួមបញ្ចូលទាំងការព្យាករថា អតិផរណាអាចនឹងកើនឡើងនៅឆ្នាំនេះ ពោលគឺកើនឡើងដល់២,៤% បើធៀបនឹងការកំណត់២% ជាប្រវត្តិសាស្ត្ររបស់ធនាគារកណ្ដាល។

ទោះជាយ៉ាងណា លោក Jerome Powell បានបញ្ជាក់ថា ការកើនឡើងអតិផរណានោះទំនងជាកើតឡើងតែ “មួយរយៈពេលខ្លី” ប៉ុណ្ណោះ។ ក្រោយការប្រកាសរបស់លោកបែបនេះ តម្លៃភាគហ៊ុននៅសង្កាត់ហិរញ្ញវត្ថុ Wall Street ក៏បានហក់ឡើងគួរឱ្យសាទរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here