មេដឹកនាំជាន់ខ្ពស់អាមេរិកប៉ះសម្តីជាមួយមេដឹកនាំចិនក្នុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងនៃរដ្ឋបាលលោកJoe Biden

0

ដោយៈគង់ សូរិយា
ភ្នំពេញៈ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្អាក់ដំណើរឆ្ពោះទៅមុខរបស់ចិន មេដឹកនាំជាន់ខ្ពស់មហាអំណាចទាំងពីរបានជួបគ្នាជាលើកដំបូង ក្នុងរដ្ឋបាលថ្មីរបស់លោកJoe Biden ហើយការប៉ះពាល់ពាក្យសម្តីបានកើតឡើង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងកិច្ចប្រជុំ កម្រិតខ្ពស់ជាមួយសមភាគីចិន ក្នុងទីក្រុងAnchorage នៃរដ្ឋអាឡាស្កា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)ដោយបានចាប់ផ្តើមដោយប្រកាន់មកដៃគូជំនួបរបស់ខ្លួនភ្លាមៗថា សកម្មភាពរបស់ចិនកំពុងគំរាមកំហែង ដល់ស្ថិរភាពសកលលោក។

លោក Antony Blinken បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកនឹងបើកការពិភាក្សា ស្តីអំពីសកម្មភាពរបស់ចិន ក្នុងនោះរួមមានទាំងតំបន់ស៊ីនជាំង ជាទីដែលទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គ័រ (Uyghur) ខណៈទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ និងបានបង្ហាញភស្តុយ៉ាងច្រើន ទៅដល់អន្តរជាតិវិញរួចទៅហើយនោះ។

ប្រមុខការទូតអាមេរិកបន្ថែមថា សំណុំរឿងទីក្រុងហុងកុង តៃវ៉ាន់ ការវាយប្រហារព័ត៌មានវិទ្យាលើសហរដ្ឋអាមេរិក ការគំរាមកំហែងផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងសម្ព័ន្ធមិត្ត ក៏នឹងត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយប្រមុខការទូតចិនទាំង២ផងដែរ។

ជាការឆ្លើយតប លោក Yang Jiechi បានលើកឡើងថា ចិនប្រឆាំងជាដាច់ខាត ចំពោះការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវចិត្តសាស្ត្រសង្រ្គាមត្រជាក់។

លោកបន្តថា “សហរដ្ឋអាមេរិកតែងតែប្រើប្រាស់ កម្លាំងយោធា និងហិរញ្ញវត្ថុ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើបណ្ដាប្រទេសដទៃ”។

កិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងប្រទេសចិនក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនានេះ ហើយនេះជាកិច្ចប្រជុំលើកដំបូងបំផុត ចាប់តាំងពីលោកJoe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិរបស់លោកJoe Biden លោក Jake Sullivan ជាមួយសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យីផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here