គំរោងអភិវឌ្ឍន៍ធំៗចំនួនបួនបន្តដំណើរការនៅខេត្តកែប ដើម្បីលើកកំពស់ ទេសចរណ៍ក្នុងខេត្ត

0

        ដោយៈគង់ ម៉ាលីនណា

        កែបៈ គំរោងអភិវឌ្ឍន៍សំខាន់ៗចំនួន៤បាននិងកំពុងបន្តដំណើរការសាងសង់ នៅក្នុងខេត្តកែប ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី ប៉ុន្តែការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ឋទេសចរណ៍ដំណាក់កាលទី២មិនបានផ្អាកនោះទេ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានចុះពិនិត្យវឌ្ឍនភាពនៃគំរោងទាំងនោះ​បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា បើទោះបីស្ថិតក្នុង ដំណាក់កាលរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ខេត្តនៅបន្តគម្រោងអភិវឌ្ឍន៍តាមផែនការដដែល ដោយគម្រោ​ងអភិវឌ្ឍន៍ជាច្រើនរបស់ខេត្ត​ បាននិងកំពុងដំណើរការសាងសង់យ៉ាងមរមាញឹក ដូចជា គម្រោងផ្សាររាត្រី(ខាងត្បូងផ្សារក្តាម)​ កំពុងផែរទេសចរណ៍កោះទន្សាយ កំណាត់ផ្លូវអ៊ុតកៅស៊ូ AC ,ផ្លូវDBST និងផ្លូវបេតុងជាច្រើនខ្សែនៅទូទាំងខេត្ត ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២នេះ គឺជាគម្រោងទីលានចាក់សម្រាម ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោកបន្ថែមថា ការដ្ឋានសាងសង់ទីលានចាក់សម្រាមទំហំ៨ហិចតានេះ នឹងជួយឱ្យ ខេត្តកែប មានទីតាំងទុកដាក់សម្រាមប្រកបដោយស្តង់ដា និងអាចគ្រប់គ្រងបរិស្ថានបានកាន់តែល្អប្រសើរ ក្នុងការកែលម្អរសោភ័ណភាពខេត្ត និងរក្សាបាននូវ និរន្តរភាពបរិស្ថាន ជាខេត្តដែលមាន​ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត”។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ដើម្បីបំពេញសម្បទាជាខេត្ត គោលដៅទេសច​រណ៍សម្រាកលំហែរប្រណីតកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកែប​ បានធ្វើការយ៉ាងជិតស្និតជាមួយគណ:កម្មការអន្តរក្រសួង ក្នុងការកសាងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំជាបន្តបន្ទាប់ ដើម្បីជាត្រីវិស័យឆ្ពោះទៅការអភិវឌ្ឍខេត្តប្រកបដោយចិរភាព និងនិរន្តភាព សំដៅទាក់ទាញភ្ញៀវទេសច​រណ៍ទាំងក្នុងតំបន់ ក៏ដូចជាពិភពលោក។

ប្រធានសាងសង់គម្រោងទីលាន ចាក់សម្រាម នៅខេត្តកែប លោក ទិត្យ ទីគា បានអោយដឹងថា គម្រោងសាងសង់ទីលាននេះ បានដំណើរការតាំងពីចុងខែឧសភា ឆ្នាំ២០២០មកម្លេះ រហូតមកដល់ពេលនេះ គម្រោងសាងសង់សម្រេចបាន៧៥%ហើយ ។ លោកបន្ថែមថា ជំហានទីមួយ គឺធ្វើការសាងសង់ផ្លូវបេតុង ប្រវែង៣៥០០ម៉ែត ទទឹង ៧ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ ជំហានទី២ គឺសាងសង់ អាងស្ទុកសម្រាមចំនួន៣ មកដល់ពេលនេះសម្រេចបានបីអាងហើយ ក្រៅពីនេះមានការងារសាងសង់អាគារញ៉ែកសម្រាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសម្រាមផងដែរ ។ លោកប្រធានគម្រោងបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សម្រាមនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ហើយគ្រោងសាងសង់រួចទីលាននេះ​ និងអាចស្ទុកសម្រាមបានរយៈពេល២០ឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here