ដោយៈ ម៉ាណេត
ភ្នំពេញៈ ធនាគារពិភពលោក (World Bank) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនងើបវិញក្នុងអត្រាកំណើនរង្វង់៤ភាគរយនៅឆ្នាំនេះ ខណៈអ្នកជំនាញអះអាងថា ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះ នឹងបង្កើតផលវិជ្ជមានដល់វិស័យអចលនទ្រព្យ តែស្ថានភាពជំងឺកូវីដ១៩បច្ចុប្បន្នត្រូវស្ថិតក្នុងការគ្រប់គ្រង។
យោងតាមរបាយការណ៍ស្តីពី ស្ថានភាពរួមនៃចក្ខុវិស័យកំណើនសេដ្ឋកិច្ច របស់ប្រជាជាតិអាស៊ាន+៣ នៃការិយាល័យ AMRO បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនងើបឡើងវិញក្នុងវង្វង់ ៤,៧ភាគរយ នៅឆ្នាំ២០២១នេះ ហើយនឹងបន្តកើនឡើងដល់ ៦,១ភាគរយ នៅឆ្នាំក្រោយ ខណៈធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងរង្វង់ ៤ភាគរយនៅឆ្នាំនេះ និង ៥,២ភាគរយនៅឆ្នាំក្រោយ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ថា ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជារបស់ស្ថាប័នធំៗនេះ ប្រហែលធ្វើឡើងមុនព្រឹត្តិការណ៍២០ កុម្ភៈ ដែលជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ ដែលទាន់អាចនិយាយបានថា តើការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យយ៉ាងដូចម្តេចនោះទេ។
លោកបានថ្លែងថា “យើងអាចនិយាយថា វាលឿនពេកក្នុងការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលនេះ ហើយព្រឹត្តិការណ៍នេះនៅតែអូសបន្លាយ នោះសេដ្ឋកិច្ចនឹងអាចរងផលប៉ះពាល់ ប៉ុន្តែប្រសិនវាត្រូវបានគ្រប់គ្រងបានលឿន នោះសេដ្ឋកិច្ចងើបមានឡើងវិញបានយ៉ាងឆាប់រហ័ស” ។
លោកសុខនីមបានថ្លែងបន្តថា ព្រឹត្តិការណ៍២០ កុម្ភៈ បានបង្កផលប៉ះពាល់មួយចំនួនដល់សកម្មភាពសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនាពេលបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់រងផលប៉ះពាល់ដល់ថ្នាក់ដួលរលំនោះទេ ខណៈសកម្មភាពមួយចំនួន នៅក្នុងវិស័យអចលនទ្រព្យនៅតែដំណើរធម្មតា ដូចជាសកម្មភាពសាងសង់ និងការដោះដូរ (អចលនទ្រព្យ) នៅក្នុងស្រុកមួយចំនួននៅតែមាន។
លោកបានឱ្យដឹងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ របស់រាជរដ្ឋាភិបាលនឹងជួយជំរុញ និងលើកទឹកចិត្តដល់វិនិយោគិន ក្នុងការធ្វើដំណើរការវិនិយោគធម្មតាឡើងវិញ នៅពេលវ៉ាក់សាំងត្រូវបានចាក់ជូនប្រជាជនក្នុងចំនួនមួយស្រប។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា កឧកញ៉ាឃាង ពុទ្ធី បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា រួមជាមួយនឹងទីផ្សារនៃវិស័យដទៃទៀតរាប់ទាំងអចលនទ្រព្យផងដែរ អាចនឹងមានភាពល្អប្រសើរឡើងវិញ ឬយ៉ាងណាអាស្រ័យទៅលើ ស្ថានភាពជាក់ស្តែងនៃវិបត្តិជំងឺកូវីដ១៩ ។
លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការទប់ស្កាត់នៃការរីករាលដាលនៃជំងឺឆ្លងនេះ ទាំងការដាក់ចេញនូវវិធានការទាំងការដាក់បំរាម ជាពិសេសការនាំយកវ៉ាក់សាំងការពារ ជំងឺឆ្លងមកចាក់ជូនប្រជាជន គឺក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាជន រកសុខសន្តិភាពជូនប្រទេសជាតិរួមជាមួយនឹងការអភិវឌ្ឍផងដែរ” ។
ឧកញ៉ាឃាង ពុទ្ធី បានបន្តថា យើងហើយថានៅក្នុងមួយរយៈពេលខ្លី នៃការឆ្លងក្នុងសហគមន៍ គឺទាំងប្រជាជនទូទៅ ទាំងអ្នករកស៊ីគ្រប់វិស័យគ្រប់ទ្រង់ទ្រាយ ជាពិសេសរាជរដ្ឋាភិបាលគឺជួបផលលំបាកណាស់ ដូច្នេះដើម្បីជួយប្រទេសមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ប្រជាជនទាំអអស់គ្នា ត្រូវតែចូលរួមឱ្យបានសកម្មជាមួយ រដ្ឋាភិបាល និងអនុវត្តឱ្យបាន៣កុំ ៣ការពារ ជាពិសេសត្រូវទៅទទួលយកការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាកុំខកខាន៕