ដោយៈ រ៉ាណេត
បាត់ដំបងៈ ស្ពានថ្មចំនួន២ទីតាំង ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង គ្រោងនឹងដាក់ឱ្យដំណើរការចារចរណ៍បណ្តោះអាសន្នជាផ្លូវឯកទិស នៅក្នុងសប្ដាហ៍ក្រោយនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាទេសចរជាតិ និងអន្តរជាតិនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះថា បច្ចុប្បន្នស្ពានថ្មថ្មី ដែលទើបតែបញ្ចប់ការសាងសង់ ស្របគ្នានឹងស្ពានថ្មចាស់បន្សល់ទុកតាំងពីសម័យសង្គមនិយមបារាំង និងត្រូវបានដាក់ឈ្មោះថាជាស្ពាន១៣មករា គ្រោងនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកបន្តថា “ក្រោយពីការសាងសង់រួចរាល់ជាស្ថាពរ និងរង់ចាំពេលវេលាសមស្រប ដើម្បីសម្ពោធដាក់ឱ្យដំណើរនូវស្ពានថ្មថ្មី១៣មករា ដែលសាងសង់ទន្ទឹមគ្នាជាមួយស្ពានថ្មចាស់ បន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ដែលមកទល់ពេលនេះមានចំណាស់ជាង១០០ឆ្នាំហើយនោះ រដ្ឋបាលខេត្តគ្រោងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាន់តែកៀកខិតចូលមកដល់ឆាប់ខាងមុខនេះ”។
លោកបញ្ជាក់ឱ្យដឹងថា គោលបំណងរបស់ខេត្ត ផ្តោតសំខាន់លើការរៀបចំកែលម្អឱ្យប្រសើរឡើងបន្ថែមទៀត ទាំងសណ្តាប់ធ្នាប់ការធ្វើចរាចរទៅមក នឹងមានការដាក់ស្លាកសញ្ញាចរាចរណ៍ ការកំណត់កែប្រែផ្លូវមួយចំនួនជា “ផ្លូវឯកទិស” និងស្ពានចំនួន២ កំណត់ជាស្ពានធ្វើចរាចរណ៍ជា “ស្ពានឯកទិស” ក្នុងនោះគឺមានស្ពានថ្ម សម្តេចតេជោហ៊ុនសែន ដែលស្ថិតនៅមុខរតនាគារខេត្ត ដោយកំណត់ពីការធ្វើចរាចរណ៍ ឆ្លងស្ពាននេះបាន គឹកំណត់ការឆ្លងស្ពានមកពីទិសតាដំបងក្រញូង។ គ្រប់យានជំនិះបើកបរ អាចឆ្លងស្ពានថ្មសម្តេចតេជោ ដោយមកពីទឹសខាងកើត ឆ្លងទៅទឹសខាងលិច។
ដោយឡែក អ្នកមកពីទិសខាងលិច មិនអាចបើករឆ្លងស្ពានថ្មសម្តេចតេជោទៅទឹសខាងកើតបានទៀតទេ។ ដោយស្ពានថ្មសម្តេចតេជាជាស្ពានឯកទិស សម្រាប់អ្នកបើកបរមកពីទឹសខាងកើតធ្វើដំណើរឆ្លងមកទិសខាងលិច។ ចំពោះអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ដែលមកពីទិសខាងលិចបើចង់ឆ្លងទៅទិសខាងកើត គឺអាចឆ្លងបាន ដោយធ្វើដំណើរឆ្លងស្ពានថ្មថ្មី១៣មករា នៅមុខសាលាខេត្តដែលជាស្ពានឯកទិស ក្នុងការធ្វើដំណើរបើកបរឆ្លងយានជំនិះគ្រប់ប្រភេទ ឆ្ពោះទៅទិសខាងកើត និងទៅកាន់គោលដៅផ្សេងៗទៀត៕