IMFព្យាករណ៍ថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចលើសពី២ភាគរយ ក្នុងឆ្នាំ២០២១ នេះ

0

ដោយៈសុខុម

ភ្នំពេញ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមានទីស្នាក់កណ្ដាលនៅវ៉ាស៊ីនតោន ឌីស៊ីសហរដ្ឋអាមេរិកបានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងទទួលបានកំណើនលើសពី២% នៅក្នុងឆ្នាំ២០២១ នេះ។ នេះបើយោងតាមសារព័ត៌មាន AKP ចុះផ្សាយនៅថ្ងៃទី០២ មេសា នេះ។

តាមរយៈរបាយការណ៍មួយ ដែលចេញផ្សាយនៅវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ទី០១ មេសាកន្លងមកបានឲ្យដឹងថា ការបិទបញ្ចប់គម្លាតទិន្នផលអវិជ្ជមាន (Negative Output Gap) នៃសេដ្ឋកិច្ច (កើតឡើងនៅពេលការផលិតបានតិចជាងអ្វី ដែលអាចផលិតបានពេលធ្វើការពេញសមត្ថភាព) នឹងកើតឡើងនៅឆ្នាំ២០២២។

របាយការណ៍នោះ ធ្វើឡើងដោយផ្អែកលើករណីសិក្សាចំនួន២ស្តីពី ការប្រើប្រាស់ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ដើម្បីវិភាគផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។

រៀបរៀងដោយវិទ្យាស្ថានដើម្បីការអភិវឌ្ឍន៍សមត្ថភាព (Institute for Capacity Development) របស់ស្ថាប័នIMF ករណីសិក្សាទាំងនេះ ផ្តោតលើប្រទេសកម្ពុជា និងប្រទេសកូឡុំប៊ី។

ប្រទេសទាំង២ ស្ថិតក្នុងចំណោមប្រទេសចំនួន៧ ដែលវិទ្យាស្ថាននេះបានជួយកែសម្រួលក្របខណ្ឌ ឬអនុម័តក្របខណ្ឌថ្មី ដើម្បីវិភាគផលប៉ះពាល់ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។ ប្រទេស៥ ផ្សេងទៀតរួមមានប្រទេសអាម៉េនី ប្រទេសហ្សកហ្ស៊ី ប្រទេសហ្គាណា ប្រទេសរវ៉ាន់ដា និងប្រទេសវៀតណាម។

នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតក្របខណ្ឌថវិកា រយៈពេលមធ្យមតាំងពីឆ្នាំ២០១៩ ស្ថាប័ន IMF និងក្រសួងហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាបង្កើតគំរូក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចមួយសម្រាប់កម្ពុជា ដោយដាក់ឈ្មោះថា Cambodia Macrofiscal Model៕

LEAVE A REPLY

Please enter your comment!
Please enter your name here