មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជៈក្រុមហ៊ុនTesla របស់មហាសេដ្ឋីElon Muskមិនទាន់ចុះបញ្ជីរនៅកម្ពុជានៅឡើយទេ

0

ដោយៈ ប៊ី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត អគ្គិសនីរបស់អាមេរិកTesla របស់លោក Elon Musk កំពូលមហាសេដ្ឋីលើពិភពលោក មិនទាន់មាននៅក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងនៅឡើយទេ ប៉ុន្តែការលើកស្លាកនេះអាចជាអ្នកទទួលសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយលក់នៅកម្ពុជា។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែ​ងប្រាប់គេទំព័រPropertyarea.asia នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ថា ចំពោះករណីដែលលេចឮពត៌មានក្នុងសង្គមហ្វេសប៊ុក និងបណ្តាញសារពត៌មានថា ក្រុមហ៊ុន TESLA ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនី បានមកបោះទីតាំងនៅកម្ពុជា ដោយមានការលើកស្លាកសញ្ញាTESLAនៅទីតាំងតាមមហាវិថីសហព័ន្ធរុស្សីជាដើម ប៉ុន្តែក្រុមហ៊ុននេះមិនទាន់បានចុះបញ្ជីរជាផ្លូវការនៅកម្ពុជាទេ។

លោកបានថ្លែងថា “តាមការពិនិត្យជាក់ស្តែងក្នុងបញ្ជីពាណិជ្ជកម្ម ក្រុមហ៊ុន TESLA របស់មហាសេដ្ឋី Elon Musk មិនទាន់មាននៅក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងនៅឡើយទេ”។ លោកបានថ្លែងទៀតថា ការលើកស្លាកនេះ អាចជាអ្នកទទួលសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយលក់នៅកម្ពុជា (Exclusive distributor/dealership) ដែលទទួលសិទ្ធិបន្តពីតំណាងTELSA ក្នុងតំបន់ឬទទួលសិទ្ធិផ្ទាល់ពីម្ចាស់ដើម”។

ដូចករណីតំណាងចែកចាយរថយន្ត ម៉ាកផ្សេងទៀត ដូចជាMAZDA, Volvo, MITSHUBISHI ជាដើម ឬគ្រាន់តែជាអ្នកនាំចូលរថយន្តម៉ាកនេះ មកលក់ធម្មតា ហើយលើកស្លាកក្នុងបំណងផ្សព្វផ្សាយពាណិជ្ជកម្មលើទីផ្សារ។

លោកប៉ែន សុវិជាតិបានឱ្យដឹងទៀតថា ក្រសួងនឹងតាមដានបន្តទៅទៀតចំពោះករណីនេះ ប៉ុន្តែជារួមក្រសួងពាណិជ្ជកម្មស្វាគមន៍ នូវរាល់ការរីកចំរើនសម្បូរបែបនៃមុខទំនិញម៉ាកល្បីៗ ដែលចូលមកក្នុងទីផ្សារកម្ពុជា ដែលនេះជាសញ្ញាមួយនៃទំនុកចិត្តរបស់ធុរៈជននិងអាជីវកម្មធំៗ ដែលផ្តល់ការជឿជាក់មកលើបរិយាកាសធុរៈកិច្ច ប្រកបដោយតម្លាភាព និងស្ថេរភាពរបស់កម្ពុជា ហើយក៏ជាភស្តុតាងមួយ ដែលបង្ហាញថាទីផ្សារកម្ពុជាមានកម្លាំងទិញគ្រប់គ្រាន់ ដែលអាចស្រូបទាញទំនិញម៉ាកល្បីទាំងនេះ អោយចូលមកបាន។

លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកទទទួលសិទ្ធិផ្តាច់មុខ ក្នុងការចែកចាយលក់រថយន្តTESLAនេះ ក្រសួងក៏បានពិនិត្យបញ្ជីទទួលតម្កល់សិទ្ធិផ្តាច់មុខ ខាងកម្មសិទ្ធិបញ្ញាដែរ ហើយបានរកឃើញថា ពុំទាមានបុគ្គលឬក្រុមហ៊ុនណា បានទទួលសិទ្ធិផ្តាច់មុខនិងបានយកមកតម្កល់នៅក្រសួងពាណិជ្ជកម្មនៅឡើយទេ ចំពោះទំនិញម៉ាក TESLAនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here