ប្រទេសអ្នកមានក៏មានវិបត្តិៈ អារ៉ាប់ប៊ីសាអូឌីតជំពាក់លុយក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើងក្រោមដីតម្លៃរាប់ពាន់លានដុល្លារមិនព្រមសង

0

ដោយៈឧត្តម

អារ៉ាប៊ីសាអូឌីតៈ ប្រភពព៌តមានជាក់លាក់បានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Bechtel Corp. ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនអន្តរជាតិដទៃទៀត កំពុងទារលុយរាប់ពាន់លានដុល្លារ ដែលដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ជំពាក់ថ្លៃការងារសាងសង់ក្នុងគម្រោងផ្លូវរថភ្លើងក្រោមដីក្នុងទីក្រុងរីយ៉ាដ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី៦ មេសា នេះ។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានជំពាក់ក្រុមហ៊ុន Bechtel Corp. រហូតដល់ទៅប្រមាណ១ពាន់លានដុល្លារ ថ្លៃការងារសាងសង់ប្រព័ន្ធដឹកជញ្ជូន ដែលជាមូលដ្ឋាននៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសនេះ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្រុងរីយ៉ាដ ដែលមានចរាចរណ៍ស្ទះកកកុញ។ ក្រុមហ៊ុនអនុវត្តន៍គម្រោងនេះ ដែលរួមមានក្រុមហ៊ុនបារាំង អេស្ប៉ាញ និងអ៊ីតាលី កំពុងព្យាយាមទារលុយជំពាក់ជាច្រើនពាន់លានដុល្លារ ដោយក្រុមហ៊ុន Bechtel Corp. មានចំនួនច្រើនជាងគេ។

ការទូទាត់យឺតយ៉ាវនេះ គឺដោយសារការពន្យារពេលសាងសង់ និងការចំណាយហួសកម្រិត បណ្តាលមកពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលបានធ្វើឱ្យកម្មករខ្លះត្រូវជាប់នៅខាងក្រៅប្រទេសនេះ ហើយបានជះផលប៉ះពាល់ ដល់ការអនុវត្តគម្រោងនេះឱ្យទាន់ពេលវេលា។ ជម្លោះជុំវិញការទូទាត់ប្រាក់នេះ បានបង្កឱ្យមានភាពតានតឹងផ្នែកការទូតកាលពីឆ្នាំមុន នៅពេលស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតបារាំង និងស្ថានទូតអេ    ស្ប៉ាញ នៅទីក្រុងរីយ៉ាដ បានលើកឡើងពីបញ្ហានេះ តាមរយៈលិខិតមួយច្បាប់ផ្ញើជូនរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

បណ្ដាក្រុមហ៊ុនម៉ៅការបានតវ៉ាជាច្រើនឆ្នាំមកហើយ អំពីការទូទាត់យឺតយ៉ាវនេះ ចាប់តាំងពីតម្លៃប្រេងដាំក្បាលចុះក្នុងឆ្នាំ២០១៥ បានជំរុញឱ្យរដ្ឋាភិបាលផ្អិបថវិកាទុករាប់សិបពាន់លានដុល្លារ ដើម្បីជួយទប់ឱនភាពថវិកា ដែលកំពុងប៉ោងឡើងកាន់តែធំ។ ប៉ុន្តែខណៈសេចក្តីសម្រេចនោះ បានជួយគ្រប់គ្រងការចំណាយរបស់រដ្ឋកុំឱ្យមានបញ្ហា វាបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិស័យឯកជន ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើកិច្ចសន្យារបស់រដ្ឋាភិបាល។

ក្រុមមន្រ្តីនិយាយថា ពួកគេប្តេជ្ញាចិត្តធ្វើការទូទាត់ប្រាក់ ឱ្យបានទាន់ពេលវេលា ហើយបានចាត់វិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែការដាំក្បាលចុះនៃតម្លៃប្រេងឆៅកាលពីឆ្នាំមុន បានបណ្ដាលឱ្យមានការពន្យារពេលស្រដៀងគ្នា សម្រាប់ក្រុមហ៊ុនមួយចំនួន។

ទោះជាយ៉ាងណា ពេលទាក់ទងដើម្បីសុំការបំភ្លឺជុំវិញករណីនេះ ក្រុមហ៊ុន Bechtel Corp. មិនបានឆ្លើយតបនោះទេ។

គណៈកម្មាធិការក្រុងរីយ៉ាដ (Royal Commission for Riyadh City) ដែលគ្រប់​គ្រងគម្រោងនេះ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺជុំវិញករណីនេះថា “ការទូទាត់ប្រាក់ទៅឱ្យក្រុមហ៊ុនម៉ៅការ ត្រូវបានធ្វើឡើងទាន់ពេលវេលា” ហើយ “ការអះអាងខាងលើនេះកំពុងត្រូវបានវាយតម្លៃ ទៅតាមដំណើរការដោះស្រាយជម្លោះ ដូចមានចែងក្នុងកិច្ចសន្យា”។

ក្រុមហ៊ុនផ្សេងៗទៀត ដែលចូលរួមក្នុងគម្រោងនេះ រួមមាន ក្រុមហ៊ុនអេស្ប៉ាញ Fomento de Construcciones & Contratas SA ក្រុមហ៊ុនអង់គ្លេស WS Atkins Ltd និងក្រុមហ៊ុនអ៊ីតាលី Salini Impregilo SpA។

គម្រោងផ្លូវរថភ្លើងក្រោមដីនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផែនការរបស់ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៅក្នុងការពង្រីកទំហំទីក្រុងនេះទ្វេដង និងប្រែក្លាយវាទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ ប្រភពដដែលបានបញ្ជាក់ថា វាស្ថិតក្នុងចំណោមគម្រោងប្រភេទនេះៗ ធំបំផុតនៅលើពិភពលោក ដោយផ្លូវរថភ្លើងក្រោមដី៦ខ្សែ កំពុងត្រូវបានសាងសង់ដោយក្រុមចំនួន៣ ហើយការងារសាងសង់សម្រេចបានប្រហែល៩០%ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here