ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ (គិតត្រឹមខែកុម្ភៈ) ទំហំនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំជាងជិត១២០០លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំប្រមាណ១១២០លានដុល្លារ កើនឡើងប្រមាណ៣,៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។
យោងតាមទិន្នន័យពីការិយាល័យជំរឿន សហរដ្ឋអាមេរិកបានផ្សព្វផ្សាយៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា ការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក នៅតែបន្តកើនឡើងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើង នៃតម្រូវការផលិតផលដែលផលិតនៅកម្ពុជា។

ទិន្នន័យដដែលបានបញ្ជាក់ថា គិតចាប់ពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២១ ប្រទេសកម្ពុជាបាននាំចេញទំនិញ ដែលមានតម្លៃ១,១២០លានដុល្លារសហរដ្ឋអាមេរិក ដែលកើនឡើង៣,៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរការនាំចូលពីសហរដ្ឋអាមេរិក បានកើនឡើង២៦ភាគរយស្មើនឹង៦៧លានដុល្លារអាមេរិក។ ជារួមទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានចំនួន១,១៨៧ លានដុល្លារអាមេរិកដែលកើនឡើងដល់ ៤,៤ ភាគរយ។






