SONY DSC
ដោយ : គង់ សូរិយា
ភ្នំពេញ : វាជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋខេត្តកោះកុង ដោយក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway គ្រោងនឹងធ្វើការជួសជុល និងសាងសង់ព្រលានយន្តហោះស្ថិតនៅក្នុងទីក្រុង ខេមរភូមិន្ទនៅក្នុងទីរួមខេត្តនេះឡើងវិញ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២២ មិថុនានេះថា រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ វិនិយោគសាងសង់ព្រលានយន្តហោះស្ថិតនៅជាយក្រុងខេមរភូមិន្ទរួចហើយ។ ក្រុមហ៊ុននេះ គ្រោងវិនិយោគ ៤០លានដុល្លារអាមេរិក ដើម្បីជួសជុល និងសាងសង់ព្រលានយន្តហោះនេះឡើងវិញ ហើយការសាងសង់ នឹងអាចចាប់ផ្តើមនៅឆ្នាំ២០១៩ខាងមុខនេះ។
-->

លោកបន្តថា “ព្រលានយន្តហោះស្ថិតនៅក្រុងខេមរភូមិន្ទ បានបោះបង់ចោលជាយូរមកហើយ វាមានទីតាំងនៅក្នុងទីរួមខេត្តនេះ និងស្ថិតនៅជិតវត្តមួយក្នុងទីក្រុងជាប់មាត់សមុទ្រនេះ”។លោកបន្តថា “ការវិនិយោគនេះអាចចំណាយពេលចន្លោះ៣ទៅ៤ឆ្នាំ ទើបបញ្ចប់ការសាងសង់ និងអាចដំណើរការបាន”។ លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា ស្តង់ដាព្រលាននេះសំរាប់ប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានស្វាគមន៍ចំពោះគម្រោងព្រលានយន្តហោះនេះ ព្រោះប្រសិនជាមានព្រលានមួយទៀតនៅក្នុងខេត្តនេះ ព្រលាននេះអាចទាក់ទាញការហោះហើរពីកម្រិតតំបន់បាន ពិតជាប្រសើរសំរាប់ ពេលអនាគត និងធ្វើឲ្យខេត្តនេះកាន់តែពង្រីកសក្តានុពលទេសចរណ៍របស់ខ្លួន ព្រោះខេត្តកោះកុងមានសក្តានុពលទេសចរណ៍ធម្មជាតិច្រើនណាស់ ដែលយើងមិនទាន់មានលទ្ឋភាពទាញយកមកប្រើប្រាស់អស់នៅឡើយ។
លោកស្រីបន្តថា “វាមិនប្រកួតប្រជែងជាមួយព្រលានយន្តហោះតារាសាគរ ដែលកំពុងសាងសង់ក្នុងខេត្តនេះទេ ព្រោះអ្នកវិនិយោគគំរោងនេះ អាចចាប់យកគោលដៅអាកាសចរណ៍ខុសៗគ្នា ដោយមួយអាចភ្ជាប់កម្រិតតំបន់ និងមួយទៀតអាចពង្រីកការតភ្ជាប់ជាមួយប្រទេសចិន”។
ទោជាយ៉ាងណាលោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ចុងក្រោយថា គំរោងនេះ មិនទាន់ទទួលបានការអនុញ្ញាត្តពីរដ្ឋាភិបាលនៅឡើយ គឺក្រុមហ៊ុនទទួលបានតែគោលការណ៍ពីរដ្ឋាភិបាលប៉ុណ្ណោះ និងមិនទាន់បានទទួលការអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឡើយទេ៕