ដោយ សុខុម
ញូវយ៉កៈ ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានដាំក្បាលចុះកាលពីថ្ងៃច័ន្ទ ទី១៩ មេសា ក្រោយហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីសប្ដាហ៍មុន ខណៈភាគហ៊ុននៃក្រុមហ៊ុន Tesla Inc របស់កំពូលមហាសេដ្ឋី Elon Musk បានដាំក្បាលចុះ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឱ្យមនុស្សស្លាប់។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី២០ មេសា នេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះបានធ្លាក់ចុះ៣.៤% បន្ទាប់ពីរថយន្ត Tesla ដែលគេជឿថាអាចបើកបរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានតៃកុង បានជួបគ្រោះថ្នាក់បុកដើមឈើកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនៅភាគខាងជើងនៃទីក្រុងហ៊ូស្តុន (Houston) រដ្ឋតិចសាស សហរដ្ឋអាមេរិក បណ្ដាលឱ្យអ្នកជិះ២នាក់បាត់បង់ជីវិត។
ភាគហ៊ុនក្រុមហ៊ុននេះមានចំណែកធំបំផុតនៅផ្សារភាគហ៊ុន S&P 500 និងផ្សារភាគហ៊ុន Nasdaq Composite Index ។ ការធ្លាក់ចុះ៨,៤%កាលពីចុងសប្តាហ៍កន្លងទៅនូវតម្លៃរូបិយប័ណ្ណអេឡិចត្រូនិច Bitcoin ដែលក្រុមហ៊ុន Tesla ក៏មានការវិនិយោគដែរនោះ ក៏រួមចំណែកធ្វើឱ្យតម្លៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះផងដែរ។
ផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះច្រើនជាងគេ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft Corp ក្រុមហ៊ុន Amazon.com Inc និងក្រុមហ៊ុន Nvidia Corp ក៏បានធ្លាក់ចុះដែរ ខណៈក្រុមអ្នកវិភាគកំពុងសញ្ជឹងរង់ចាំអ៊ុតលទ្ធផលប្រាក់ចំណូលនៅសប្តាហ៍នេះ និងសប្ដាហ៍ក្រោយ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនផ្ដល់ទិន្នន័យហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធពិភពលោក Refinitiv IBES បង្ហាញថា ក្រុមអ្នកវិភាគរំពឹងថា ប្រាក់ចំណូលនៅត្រីមាសទី១ដើមឆ្នាំនេះនឹងកើនឡើង៣០,៩%ធៀបនឹងឆ្នាំមុននេះ។
អចលនទ្រព្យគឺជាវិស័យតែមួយគត់ក្នុងចំណោមវិស័យទាំង១១នៅផ្សារភាគហ៊ុន S&P 500 ដែលបានហក់ឡើង។
ក្រុមហ៊ុន Nvidia បានដាំក្បាលចុះ៣.៥% បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បាននិយាយថា ខ្លួននឹងពិនិត្យវាយតម្លៃផលប៉ះពាល់ដល់សន្តិសុខជាតិជុំវិញបញ្ហាក្រុមហ៊ុននេះទិញយកក្រុមហ៊ុនឌីហ្សាញបន្ទះឈីបអង់គ្លេស ARM Holdings ក្នុងតម្លៃ៤០ពាន់លានដុល្លារ។
ភាគហ៊ុនក្រុមហ៊ុន Coca-Cola បានហក់ឡើង០,៦%ដោយសារការបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងការចែកចាយវ៉ាក់សាំងយ៉ាងទូលំទូលាយ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប International Business Machine Corp បានធ្លាក់ចុះ០,៤% ។
ទន្ទឹមនេះ ផ្សារភាគហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ០,៣៦% ហើយផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះ០.៥៣% ចំណែកឯផ្សារភាគហ៊ុន Nasdaq Composite បានធ្លាក់ចុះ០.៩៨% ។
យោងតាមទិន្នន័យបង្ហាញថា ទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក មានភាគហ៊ុនរហូតដល់ទៅ៩,៨៦ពាន់លានហ៊ុន៕