ដំណឹងល្អ ៖ កំពង់ផែទឹកជ្រៅលើកដំបូងនៅកម្ពុជាចាប់ផ្តើមដំណើរការជម្រុញ វិស័យដឹកជញ្ជូន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កំពង់ផែពហុបំណង និងជាកំពង់ផែទឹកជ្រៅលើកដំបូងក្នុងប្រវត្តិសាស្រ្ត​កម្ពុជា​បានចាប់ផ្តើមបើកសម្ភោធហើយ ដែលវានឹងក្លាយជាផ្នែកមួយជួយជំរុញ​វិស័យដឹកជញ្ជូន និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែឆ្ងាយជាងមុន។

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  រួមជាមួយនឹងលោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃ​ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កំពង់ផែពហុបំណងដែលបានកសាងនៅ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុនេះគិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។ កំពង់ផែនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបំរើ និងឆ្លើយតបទៅ​នឹង​កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លងកាត់ទំនិ​ញដែលកើនឡើងកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។

ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមានដូចជា ចំណតផែ​ទំនិញរាយប្រវែង ៣៣០ ម៉ែត្រជម្រៅទឹក ១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់​នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទានមានទឹក ប្រាក់សរុបចំនួន​ប្រមាណ ៧៤លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការ អអន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង អភិវឌ្ឍន៍​ចំណតផែពហុបំណងកំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគរបស់​រាជរដ្ឋាភិបាល សម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។

សម្តេច តេជោ ហ៊ុន សែន  បានសម្តែងភាពរីករាយដែលបានអញ្ជើញមកចូលរួមក្នុង​ពិធីសម្ពោធចំណតផែពហុបំ ណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ។សម្តេ​ចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការផ្តល់ហិរញ្ញប្បទានសម្បទាន​សាងសង់​​ចំណតចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការ​បំរើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនទំនិញចេញចូលផ្សេងៗ។

ចំណតផែនេះ  ជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយ ដ៏សំខាន់សម្រាប់ដោះដូរផលិតផល​កសិកម្មនិងកសិ-ឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោកដោយបាន​តភ្ជាប់​ទៅនឹងផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេស​ផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើក ការដ្ឋានសាងសង់ក្នុង​ពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ បានរំលឹកថា កាលពីមុនកំពង់ផែក្រុងព្រះសីហនុនេះ អាចមាន​សមត្ថភាព​ដឹកទំនិញបានត្រឹមតែ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះកំពង់ផែយើង​អាច​ដឹកទំនិញបានរហូដល់ទៅ ៥ម៉ឹនតោន  ដែលមានជម្រៅទឹករហូរទៅ១៤ម៉ែត្រ។ ការបង្កើតចំណតកំពង់ផែនេះគឺកើតឡើងបន្ទាប់មានការចុះ ហត្ថលេខារវាងសម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការ​អភិវឌ្ឍក្នុងកំពង់ផែនេះ លើគម្រោងទឹកប្រាក់ប្រមាណ២០៣លានដុល្លារអាមេរិក។

លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានមាន​ប្រសាសន៍​ថា កំពង់ផែទឹកជ្រៅនេះ នឹងជំរុញការលើកកំពស់ពាណិជ្ជកម្មរបស់​កម្ពុជា​មួយ​បណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ដែលជាផ្នែកមួយជួយជម្រុញដល់កំនើន​សេដ្ឋកិច្ច​កម្ពុជា ហើយរដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម និងធ្វើឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here