GMAC អំពាវនាវ​ជាថ្មី​សុំ​ការយោគយល់​ពី​អ្នកបញ្ជា​ទិញ​លើកលែង​ការពិន័យ​ក្នុងករណី​បញ្ជូន​ផលិតផល​កាត់ដេរ​យឺត

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អំពាវនាវ​សុំ​ការយោគយល់​ពី​អ្នកបញ្ជា​ទិញ ព្រមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ក្នុងករណី​មានការ​បញ្ជូន​ផលិតផល​កាត់ដេរ​យឺតយ៉ាវ ដោយ​គ្មាន​ការពិន័យ ក្នុងអំឡុងពេល​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ដោយ​ការបិទ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល រួម​នឹង​ក្រុង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត។

យោងតាម​សេចក្ដី​ថ្លែង​ការ​រណ៍ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សប្ដាហ៍​នេះ​បាន​បញ្ជាក់ថា ក្រោម​ការចូលរួម អនុវត្តន៍ នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដោយ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ បាន​ជះឥទ្ធិពល​ដល់​ផលិតភាព នៃ​ការផលិត​សម្រាប់​ការបញ្ជាទិញ​របស់​ទីផ្សារ​ក្រៅ​ស្រុក​មួយចំនួន។

GMAC បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​នាពេលថ្មីៗនេះ​ថា វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ មិនត្រូវ​បាន​គេ​ចាត់ទុកថា​ជា​វិស័យ​សំខាន់ ដែល​ចាំបាច់​ត្រូវ​បើក​ដំណើរការ​យ៉ាងសកម្ម នៅក្នុង​អំឡុងពេល​អនុ​វត្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​នោះទេ ដូច្នេះ​ចង្វាក់​ផលិតកម្ម​នៃ​រោងចក្រ​មួយចំនួន ត្រូវបាន​ហាមឃាត់​សកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​សុវត្ថិភាព​កម្មករ​ដែល​បម្រើ​ការងារ។

ជាមួយគ្នានេះ ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ ក៏បង្ក​ការរំខាន​ដល់​វិស័យ​ភស្តុភារ​ផងដែរ ដោយ​មិនអាច​ដឹកជញ្ជូន​វត្ថុធាតុដើម ឬ​ទំនិញ​ពាក់ព័ន្ធ​បាន​ដោយ​សេរី​នោះឡើយ។ លើសពីនេះ​ទៀត កម្លាំង​កម្មករ កម្មការិនី​មួយចំនួន​ដែល​ស្នាក់នៅ មិន​ស្ថិតក្នុង​ទីតាំង តំបន់​បិទ​ខ្ទប់​ក៏​រង​ផលប៉ះពាល់​ដូចគ្នា ដោយ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់ហាមឃាត់​មួយចំនួន ដូច្នេះ​ដំណើរ​នៃ​ចង្វាក់​ផលិតកម្ម​រោងចក្រ អាច​បណ្តាលឱ្យ​មានការ​ពន្យា​ពេល ក្នុង​ការផលិត ក៏ដូចជា​ការខកខាន​មិនបាន​បំពេញ តាម​កាលកំណត់​ដឹកជញ្ជូន​ដូចដែល​បាន​ព្រមព្រៀង​កន្លងមក។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សូម​អំពាវនាវ​ឱ្យមាន​ការយោគយល់​ពី​សំណាក់​អ្នកបញ្ជា​ទិញ និង​អ្នកពាក់ព័ន្ធ​ជួយ​សម្រួល នៅក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here