កាន់តែក្រៀមក្រំៈក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដកើនដល់៦៥៥នាក់

0

ដោយៈគង់ ឧត្តម

ភ្នំពេញៈ ក្រសួង​សុខាភិបាល ​បាន​ប្រកាស​ពី​ការ​រក​ឃើញ ​អ្នក​ឆ្លង​កូវីដ​រហូត​ដល់​ចំនួន ៦៥៥ ​នាក់​បន្ថែម​ទៀត និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន២២៤នាក់ ខណៈ​ក្រសួង​បន្ថែម​កន្លែង​ចាក់​វ៉ាក់សាំង​ក្នុង​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត។

តាម​របាយការណ៍​របស់​ក្រសួង​នៅ​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​ថ្មី​នេះបាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ជិត៩ពាន់​នាក់ ខណៈ​ករណី​ស្លាប់​សរុប​ទូទាំង​ប្រទេស​ចំនួន៦១នាក់។

របាយការណ៍​​ក្រសួង​បញ្ជាក់​ថា នៅ​ថ្ងៃទី ២២ មេសា ឆ្នាំ ២០២១ មាន​ករណី​ឆ្លង​សហគមន៍៦៥៤នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ០១ នាក់។ ក្នុង​នោះ មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ២ នាក់។ ភ្នំពេញ​មាន​ចំនួន ៥២២ នាក់ ព្រះសីហនុ ១១៣ នាក់ ខេត្ត​កណ្ដាល ៥ នាក់ តាកែវ ៥ នាក់ កំពង់ចាម ៣ នាក់ ខេត្ត​កែប ៣ នាក់ និង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ស្ពឺ មួយ​ករណីៗ។

ជាមួយ​នឹង​ការ​ប្រកាស​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ក៏​បាន​ប្រកាស​ពី​ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់់សាំង​ស៊ីណូវ៉ាក់​ដូសទី​២ ក្នុង​ខណ្ឌ​ទួលគោក ចំនួន ១ កន្លែង​ទៀត​ផង​ដែរ ដើម្បី​ឲ្យ​ដំណើរការ​នៃ​​ការ​ចាក់​វ៉ាក់សាំង​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ មាន​ដំណើរការ​ល្អ។

សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មការ​នេះ បាន​បញ្ជាក់​ថា សម្រេច​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​ក្នុង​ខណ្ឌ​ទួល​គោក​ចំនួន ១ ទីតាំង​បន្ថែម​ទៀត គឺ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ចាប់​បើក​ដំណើរការ​ ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដូស​ទី២ ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ២០២១។

ដូច​នេះ ក្រសួង​អំពាវនាវ​សូម​បុគ្គល ​ដែល​ដល់​វេន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដូស​ទី២ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ស្នាក់នៅ ដោយ​មិន​ត្រូវ​ឆ្លង​ខណ្ឌ​ជា​ដាច់​ខាត ខណៈ​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) និង​ស៊ីណូវ៉ាក់ (Sinovac) ដូស​ទី២ អាច​ចាក់​អំឡុង​ពេល​ពី ១៤ ទៅ ២៨ ថ្ងៃ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី១។

ក្រសួង​ស្នើ​ដល់​បុគ្គល​ដែល​បាន​យក​សំណាក ឬ​កំពុង​ជាប់​វិធាន​ចត្តាឡីស័ក ត្រូវ​អនុវត្ត​ការ​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ទើប​អាច​ទៅ​ចាក់​វ៉ាក់សាំង​ដូសទី២ បាន ដើម្បី​ជៀសវាង​ការ​ចម្លង​ណា​មួយ​ដល់​អ្នក​ដទៃ ក៏​ដូច​ជា​ការ​ប្រឈម​ចំពោះ​ផ្លូវ​ច្បាប់​ជា​ធរមាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here