ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងការសាទរ និងគាំទ្រទាំងស្រុងទៅនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ឧកញ៉ាម៉ន សុខាបានលើកឡើងថា ការសម្រេចបញ្ចប់ហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលទៅលើសុខមាលភាពសង្គម និងសេដ្ឋកិច្ចជាតិកម្ពុជា។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា (CLDA) ឧកញ៉ាម៉ន សុខា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្នុងនាមជាប្រជាពលរដ្ឋមួយរូប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង និងគោរពតាមវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដោយមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស។
លោកឧកញ៉ាបន្តថា ការចេញសេចក្ដីសម្រេចលេខ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទៅលើការសម្រួលដល់ស្ថានភាពលំបាក របស់ប្រជាពលរដ្ឋទូទៅ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខមាលភាពសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។
លោកឧកញ៉ាម៉ន សុខា បានបញ្ជាក់ថា ការអនុញ្ញាតឱ្យមានចរាចរណ៍ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្ត និងបើកឱ្យដំណើរការឡើងវិញនូវតំបន់រមណីយដ្ឋាននានាទូទាំងប្រទេស លើកលែងតែតំបន់បិទខ្ទប់មួយចំនួន ដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាក ក្រុងព្រះសីហនុ និងតំបន់ផ្សេងៗមួយចំនួនទៀតនោះគឺអាចបង្ហាញបានថា ដង្ហើមក៏ដូចជាចរន្តសេដ្ឋកិច្ច នឹងមានភាពល្អប្រសើរជាងអំឡុងពេលដែលមានការបិទចរាចរណ៍កាលពីពេលកន្លងទៅថ្មីៗនេះ។
យ៉ាងណាក៏ដោយ លោកឧកញ៉ាបានបញ្ជាក់ថា បើទោះជាមានការសម្រេចអនុ ញ្ញាតឱ្យមានការធ្វើចរាចរណ៍ឆ្លងកាត់តំបន់ និងបណ្តាខេត្តក្រុងទូទាំងប្រទេសលើកលែងតែភូមិសាស្ត្របិទខ្ទប់ ជាពិសេសការបើកឱ្យមានដំណើរការ នូវតំបន់រមណីយដ្ឋាននានាទូទាំងប្រទេសនៅពេលនេះ គឺសំដៅតែចំពោះតំបន់ ដែលមិនមានការរីករាលដាលដែលត្រូវបានហាមឃាត់តែប៉ុណ្ណោះ ពោលគឺមិនមែនជាការបង្ហាញ ឱ្យឃើញពីភាពធូស្បើយនៃការឆ្លងជំងឺនោះឡើយ។
ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំណើននៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានរាប់រយនាក់ជាប់ជាប្រចាំ ដែលតម្រូវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមពង្រឹងការអនុវត្តវិធានការ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត៕