ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (ខេមបូឌា) ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lai Huat Group មានមូលដ្ឋាននៅសិង្ហបុរី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) មិនជាប់កាតព្វកិច្ច (Non-binding MoU) ជាមួយក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លើគម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ (សូឡា) តម្លៃ២០០លានដុល្លារនៅកម្ពុជា។
ដោយអនុលោមតាមអនុស្សរណៈយោគយល់ ក្រុមហ៊ុន Hong Lai Huat និងក្រុមហ៊ុន CMEC ដែលចុះបញ្ជីនៅហុងកុង នឹងបង្កើតអង្គភាពពិសេសមួយ (SPV) ដើម្បីអភិវឌ្ឍ និងប្រតិបត្តិការលើកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលមានថាមពល២០០មេហ្គាវ៉ាត់ នៅឯគម្រោងឱរ៉ាល់អេកូស៊ីធី ក្នុងខេត្តកំពង់ស្ពឺ ដែលជាម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Hong Lai Huat នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយនៅរបស់សារព័ត៌មាន The Edge Singapore នៅថ្ងៃយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។
កិច្ចសហការប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ នឹងមានរយៈពេលយ៉ាងតិច២០ឆ្នាំ ដោយសិទ្ធិបន្តកិច្ចសន្យា អាចមានរយៈពេល២០ឆ្នាំទៅទៀត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៦ ខែមេសា ក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់ថា តម្លៃវិនិយោគ ត្រូវបានវាយតម្លៃមានតម្លៃប្រមាណ២០០លានដុល្លារអាមេរិក (២៦៥,៨ លានដុល្លារសិង្ហបុរី)។
នៅពេលបញ្ចប់ការសាង់សង់ គម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនេះ នឹងផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញអគ្គិសនីកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋអគ្គិសនីកម្ពុជា ក្រោ មកិច្ចព្រមព្រៀងទិញថាមពល (PPA) រវាងអង្គភាព SPV និងអគ្គិសនីកម្ពុជា។
ប្រាក់ចំណូល ដែលបានបង្កើតនៅក្រោមកិច្ចព្រមព្រៀង PPA នឹងត្រូវបានចែករំលែករវាងក្រុម Hong Lai Huat និងក្រុមហ៊ុន CMEC។
ក្រុមហ៊ុន ក៏នឹងមានសិទ្ធិដំបូងក្នុងការទិញអគ្គិសនី ពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនេះ ក្នុងអត្រាដូចគ្នា ដែលផ្គត់ផ្គង់អគ្គិសនីដល់អគ្គិសនីកម្ពុជា។ ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា នេះនឹងជួយឱ្យការផ្គត់ផ្គង់អគ្គិសនីមាននិរន្តរភាព និងមានស្ថេរភាពសម្រាប់វិនិយោគិន ដែលបង្កើតមូលដ្ឋាននៅគម្រោងឱរ៉ាល់អេកូស៊ីធី។
កិច្ចព្រមព្រៀង ដែលជាប់កាតព្វកិច្ច ឬផ្លូវការ ដែលកំណត់នូវភាពលំអិតនៃភាពជាដៃគូរវាងក្រុមហ៊ុន ត្រូវបានរំពឹងថានឹងត្រូវចុះហត្ថលេខាក្នុងរយៈពេល៩០ ថ្ងៃខាងមុខ។
លោក Ong Jia Jin អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនេះ នឹងមានទំហំធំជាងគេនៅកម្ពុជា។
លោកបានបន្តថា “គម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនេះ គឺជាធាតុសំខាន់នៃគម្រោងទីក្រុងឱរ៉ាល់អេកូស៊ីធី និងផ្តល់ថាមពលស្អាតដល់ប្រជាជនក្នុងតំបន់ ដោយកាត់បន្ថយការបំភាយកាបូនទៅក្នុងបរិស្ថាន ក៏ដូចជាបង្កើនការធានាថាមពល សម្រាប់វិនិយោគិននៅក្នុងគម្រោងទីក្រុងឱរ៉ាល់អេកូស៊ីធី” ។
លោក Wang Haitao ប្រធានតំណាងក្រុមហ៊ុន CMEC បានថ្លែងថា “ក្រុមហ៊ុន Hong Lai Huat នឹងបំពេញបន្ថែមនូវជំនាញវិស្វកម្មរបស់យើង ដើម្បីធានាបាននូវជោគ ជ័យ នៃគម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនេះ។ ស្របតាមការផ្លាស់ប្តូរជាសកលទៅជាថាមពលកកើតឡើងវិញ យើងមានមោទនភាព ក្នុងនាមជាអ្នកត្រួសត្រាយម្នាក់ក្នុងការផ្តល់ថាមពលស្អាតនៅកម្ពុជា” ៕