ដោយៈសុខុម
ប៉ារីស: ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នខ្នាតយក្ស TOTAL បានផ្អាកគម្រោងឧស្ម័នធម្មជាតិតម្លៃ២០ពាន់លានដុល្លារ របស់ខ្លួននៅក្នុងប្រទេសម៉ូសំប៊ិក ដោយគ្មានរយៈពេលកំណត់ដោយសារការកើនឡើងអំពើហិង្សានៅក្នុងតំបន់នោះ រួមទាំងការវាយប្រហារកាលពីខែមីនា ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាម ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី២៦ មេសា។
ការសម្រេចនេះគឺជាការវាយប្រហារដ៏ធំមួយចំពោះក្រុមហ៊ុនបារាំង មួយនេះដែលបានទិញយកភាគហ៊ុនធ្វើប្រតិបត្តិការនៅក្នុងគម្រោងនេះក្នុងតម្លៃ៣,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដោយសង្ឃឹមថានឹងអាចចាប់ផ្តើមនាំចេញឧស្ម័នធម្មជាតិរាវ (LNG) នៅត្រឹមដំណាច់ឆ្នាំ២០២៤។ ដំណាក់កាលទី១នៃគម្រោងនេះគ្រោងផលិតឧស្ម័នធម្មជាតិរាវ ឱ្យបានជាង១៣លានតោនក្នុងមួយឆ្នាំ។
ក្រុមហ៊ុន TOTAL បានបន្តដំណើរការលើគម្រោងនេះកាលពីខែមុន បន្ទាប់ពីជាប់គាំងចាប់តាំងពីខែមករា ដោយសារការគំរាមកំហែងផ្នែកសន្តិសុខ ខណៈពួកឧទ្ទាមជាង១០០នាក់បានឆ្មក់ចូលទីក្រុងតូច Palma ដែលនៅក្បែរទីតាំងគម្រោង។ មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត ទ្រព្យសម្បត្តិតម្លៃរាប់លានដុល្លារ ត្រូវបានបំផ្លិចបំផ្លាញ ដូច្នេះហើយក្រុមហ៊ុនក៏បានប្រកាសផ្អាកគម្រោងនេះភ្លាមៗតែម្ដង។
ស្ថានភាពសន្តិសុខដែលកាន់តែអាក្រក់ទៅៗ ក៏ជាឧបសគ្គដ៏ធំមួយសម្រាប់ប្រទេសម៉ូសំប៊ិក ដែលកំពុងតែប្រឈមនឹងចំនួនអ្នកស្លាប់កើនឡើង ហើយពលរដ្ឋរាប់សែននាក់ចាកចោលលំនៅដ្ឋានផងដែរ។ ការនាំចេញឧស្ម័ននេះអាចនឹងជួយសម្រាលទុក្ខលំបាកដល់ប្រទេសនេះ ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។
ក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី២៦ មេសាថា អំពើហិង្សាថ្មីនៅភាគខាងជើងនៃខេត្ត Cabo Delgado “នាំឱ្យក្រុមហ៊ុន TOTAL ក្នុងនាមជាប្រតិបត្តិករនៃគម្រោងឧស្ម័នធម្មជាតិរាវ (LNG) នៅប្រទេសម៉ូសំប៊ិក ប្រកាសប្រធានស័ក្ដិ”។
ក្រុមហ៊ុននេះបានបន្ថែមថា “នេះជាមធ្យោបាយតែមួយគត់ដើម្បីការពារផលប្រយោជន៍គម្រោង រហូតទាល់តែការងារអាចដំណើរការឡើងវិញ”។
ប្រធានស័ក្ដិជាខមួយនៃកិច្ចសន្យាដែលអនុញ្ញាតឱ្យគូភាគីផ្អាក ឬបញ្ចប់កិច្ចសន្យាដោយសារតែហេតុការណ៍ដែលកើតឡើងហួសពីការគ្រប់គ្រងរបស់គូភាគីដូចជាសង្គ្រាម ឬគ្រោះមហន្តរាយធម្មជាតិជាដើម៕