ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ សេដ្ឋកិច្ចកម្ពុជាកាន់តែត្រូវបានពង្រឹង ដោយសារការធ្វើពិពិធកម្មផលិតផលរបស់ខ្លួន ជាក់ស្តែងការនាំចេញរយៈពេល៩ខែឆ្នាំនេះ មានទំហំទឹកប្រាក់ ៧៧០០ លានដុល្លារ កើនឡើង ១៧ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ដែល propertyarea.asia ទទួលបានកាលពីថ្ងៃទី២ ខែតុលា បានឲ្យដឹងថា ទឹកប្រាក់នាំចេញនេះភាគច្រើន គឺបានមកពីវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង និងទំនិញផ្សេងៗទៀតដែលស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ (GSP) និងផែនការប្រទេសអនុគ្រោះខ្លាំងបំផុត (MFN) ដែលបានអនុញ្ញាតឲ្យផលិតផលកម្ពុជាជាច្រើនចូលទីផ្សារដោយកាត់បន្ថយ ពន្ធនាំចូល ឬមិនយកពន្ធ។
-->

ទិន្នន័យដដែលបានឲ្យដឹងថា ក្នុងចំនួននេះ ការនាំចេញសម្លៀកបំពាក់មានតម្លៃ ៤,៩ ពាន់លានដុល្លារ កើនឡើង ៨,៣ ភាគរយ ការនាំចេញស្បែកជើងមាន ៦៣៦,៧៦ ដុល្លារ កើនឡើង ៤៣ ភាគរយ និងវាយនភ័ណ្ឌ ៧៦,៨៨ លានដុល្លារ ខណៈផលិតផលមិនជាក់លាក់ផ្សេងទៀត មានតម្លៃ ៥៦១,៤៥ លានដុល្លារ កើនឡើងដល់ ៤២,៥១ ភាគរយ។ តួលេខបានបង្ហាញតម្លៃនាំចេញអង្ករមានចំនួន ២០៦,៩១ លានដុល្លារ ធ្លាក់ចុះ ៦,៧ ភាគរយ។

ការនាំចេញសរុបទៅសហភាពអឺរ៉ុប ជាទីផ្សារធំជាងគេរបស់ប្រទេសកម្ពុជា បានកើនឡើងដល់ ៣០០០លានដុល្លារ កើនឡើង ៥,៩៤ ភាគរយធៀបនឹងរយៈពេល ៩ ខែកាលពីឆ្នាំមុន។ កំណើនដ៏រឹងមាំត្រូវបានកត់ត្រានៅក្នុងការនាំចេញទៅជប៉ុនដែលមានចំនួន ៥៣៤,២៥ លានដុល្លារ កើនឡើង ២៥,៨៤ ភាគរយ។
ចំណែកការនាំចេញទៅអាមេរិក ជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនចេញសម្លៀកបំពាក់កម្ពុជាមាន ចំនួន ១,៤៧ ពាន់លានដុល្លារធ្លាក់ចុះ ១ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕