ដោយ ៖ គង់ សូរិយា
ភ្នំពេញ ក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia បាន និងកំពុងស្វែងរកដៃគូ ដើម្បីពង្រីកសក្តានុពលនៃការវិនិយោគ និងជំរុញការអភិវឌ្ឍវិស័យអចលទ្រព្យប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយនិរន្តរភាព។
នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia អ្នកនាង Grace Rachny Fong បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី ២ ខែតុលា នេះថា ការអភិវឌ្ឍអចលនទ្រព្យនៅតាមបណ្តាខេត្ត-ក្រុង នានា មានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យមានអ្នកវិនិយោគអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ និងមានបំណងចង់វិនិយោគ ប៉ុន្តែតាមបណ្តាខេត្តទាំងនោះមិនមានក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈនោះទេ ដែលធ្វើឲ្យមានហានិភ័យខ្ពស់សម្រាប់អ្នកវិនិយោគ។
-->
អ្នកនាងបន្តថា “ដោយសារយើងចង់ឲ្យមានការអភិវឌ្ឍន៍វិស័យនេះ ប្រកបដោយជោគជ័យ និងមាននិរន្តរភាព ទើបយើងស្វែងរកដៃគូវិនិយោគដែលមានសក្តានុពលខ្ពស់ធ្វើការជាមួយយើង ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះនៅតាមបណ្តាខេត្តមានគុណភាព និងប្រាសចាកហានិភ័យសម្រាប់អ្នកវិនិយោគ”។ អ្នកនាងបន្តថា “អ្នកដែលអាចក្លាយជាដៃគូរបស់យើង សំខាន់ត្រូវមានទំនុកចិត្ត ភាពស្មោះត្រង់ មានការប្តេជ្ញាចិត្ត និងអត្តចរិកល្អ ដើម្បីពួកគេអាចធ្វើការងារជាមួយយើង ហើយយើងនឹងបណ្តុះបណ្តាលពួកគេ និងមានការិយាល័យសម្រាប់ពួកគេធ្វើការនៅតាមបណ្តាខេត្តនិមួយៗ”។

Century21 Cambodia បច្ចុប្បន្នមានដៃគូធ្វើការនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ប៉ុន្តែក្រុមហ៊ុននេះ គ្រោងពង្រីកសាខាទៅកាន់ខេត្ត-ក្រុង មានសក្តានុពលទាំង២៣ទៀត នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ។
អ្នកនាង Grace Rachny Fong បានបន្តថា បណ្តាខេត្តជាច្រើនកំពុងមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យ ដូចជាខេត្តកំពត កែប សៀមរាប បាត់ដំបង កំពង់ចាម និងខេត្តមួយចំនួនទៀត ហេតុនេះការមានក្រុមហ៊ុននិងអ្នកជំនាញក្នុងវិស័យនេះ ដែលអាចធ្វើការដោយវិជ្ជាជីវៈ និងមានក្រមសីលធ៌មវិជ្ជាជីវៈពិតជាមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយនិរន្តរភាព។

អគ្គនាយកធនាគារស្រូវ លោកឧកញ៉ា ភួ ពុយ ដែលបានវិនិយោគគំរោងអចលនទ្រព្យ ផ្សារទំនើប និងបុរីនៅខេត្តបាត់ដំបង និងពោធិ៍សាត់បានថ្លែងថា លោកស្វាគមន៍ចំពោះការមានក្រុមហ៊ុនអចលនទ្រព្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវនៅតាមបណ្តាខេត្តនានា ប៉ុន្តែអ្វីសំខាន់ថាតើពួកគេមានការងារអាចធ្វើបានឬអត់ នៅពេលពួកគេមកបោះទីតាំងនៅតាមបណ្តាខេត្ត។
លោកបន្តថា “ប្រសិនជាមានក្រុមហ៊ុនផ្តល់សេវាកម្មទិញលក់ ឬជួលដែលអាចផ្តល់ទំនុកចិត្តបាន យើងនឹងរួមសហការនិងផ្តល់សេវាកម្មជាមួយពួកគេ”។ លោកបន្តថា “អ្វីសំខាន់ពួកគេអាចធ្វើការងារជាមួយធនាគារ ដើម្បីផ្តល់សេវាកម្មទិញ លក់ឬផ្តល់ឥណទានបង់រំលោះដល់អចលនទ្រព្យនានានៅតាមខេត្ត” ៕