ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥៣លានអឺរ៉ូ ស្មើនឹង៦៣លានដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាសម្រា ប់ឆ្នាំ២០២១-២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
ទំហំហិរញ្ញប្បទានឥតសំណងនេះ រួមមាន២៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និង២៧លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។
-->
បន្ថែមលើនេះ នាខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញូប្បទានឥតសំណងចំនួន៤,៨លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ បើបូកបញ្ចូលទាំងហិរញ្ញប្បទាន ដែលបានសន្យាផ្ដល់ក្នុងកិច្ចចរចានេះ ទំហំហិរញ្ញប្បទានសរុបបានកើនដល់៥៧,៨លានអឺរ៉ូ សមមូលនឹង៦៩លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសុខភាពសកល គិតត្រឹមខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ១៣,៨លានអឺរ៉ូ សមមូលនឹង១៧លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ៩ នៅកម្ពុជា។
ហិរញ្ញប្បទាននេះ ត្រូវបានប្រើប្រាស់ ដើម្បីរួមចំណែកគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការ ស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីអាល្លឺម៉ង់ក៍បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសាកល ព្រមទាំងតាមរយះសា្ថប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប៕