ដោយៈសុខុម
គូឡាឡាំពួ: មហាយក្សចិន បានចេញវិធានសម្រាប់ឱ្យសាធារណជន បញ្ចេញមតិយោបល់អំពីកម្មវិធី Wealth Connect ហើយនេះ ជាការបោះជំហានឆ្ពោះទៅមុខយ៉ាងធំមួយសម្រាប់កម្មវិធីនេះ ដែលនឹងអនុញ្ញាតការវិនិយោគឆ្លងដែន រវាងក្រុងហុងកុង និងចិនដីគោក។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី៧ ឧសភា នេះ។
ធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាលរបស់មហាយក្សចិន បានចេញសេចក្តីណែនាំលម្អិត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ឧសភា សម្រាប់ឱ្យសាធារណជនបញ្ចេញមតិយោបល់ ហើយបានកំណត់យកថ្ងៃទី២១ ឧសភា ជាថ្ងៃផុតកំណត់សម្រាប់ការបញ្ចេញមតិយោបល់។
យោងតាមអ្វីដែលអាជ្ញាធរក្រុងហុងកុង ទម្លាយឱ្យដឹងមុននេះបង្ហាញថា កម្មវិធីសម្រាប់វិនិយោគិនជាឯកត្ដជននេះ នឹងមានមូលធន១៥០ពាន់លានយ័ន (២៣ពាន់លានដុល្លារ) ក្នុងទិសដៅនីមួយៗ។ ហើយដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ការរវិនិយោគឆ្លងដែនរវាងក្រុងហុងកុង និងចិនដីគោក ក្រោមកម្មវិធីនេះ វិនិយោគិនចិនដីគោក ត្រូវមានបទពិសោធន៍វិនិយោគយ៉ាងតិច២ឆ្នាំ និងមានទ្រព្យសកម្មហិរញ្ញវត្ថុគ្រួសារ ឬ Household Financial Asset (ដូចជាប្រាក់បញ្ញើសន្សំ ការវិនិយោគលើមូលត្រ ភាគហ៊ុន សញ្ញាប័ណ្ណ ។ល។ ដែលត្រូវបានចាត់ទុកជាទ្រព្យរួមរបស់គ្រួសារ) សុទ្ធជាង១លានយ័ន (ប្រមាណ២០ម៉ឺនដុល្លារ) ក្នុងរយៈពេល៣ខែចុងក្រោយ។
លោក Daniel Chan ប្រធានធនាគារអង់គ្លេស HSBC Holdings Plc ប្រចាំតំបន់ Greater Bay Area (ខេត្តគ័ងតុង-ហុងកុង-ម៉ាកាវ) ជាមួយចំនួនប្រជាជនសរុបជាង៧០លាននាក់ បានចេញសេចក្ដីថ្លែងការណ៍ថា សេចក្តីប្រកាសនេះ “ជាការបោះជំហានទៅមុខមួយជំហានទៀត ឆ្ពោះទៅរកការបើកទីផ្សារមូលធនរបស់ចិនដីគោក និងពង្រឹងឋានៈរបស់ក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ”។
ធនាគារ HSBC និងបណ្ដាក្រុមហ៊ុនជាគូប្រជែងបាន និងកំពុងប្រឹងប្រែងបង្កើនវត្តមានរបស់ខ្លួន ដើម្បីចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ ត្រូវបានប្រកាសដោយគ្មានព័ត៌មានលម្អិត កាលពីខែមិថុនា ឆ្នាំ២០២០ មុនពេលប្រទេសចិន បញ្ចេញច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយ នៅក្នុងទីក្រុងហុងកុង ដើម្បីប ង្ក្រាបប្រឆាំងនឹងរដ្ឋាភិបាល។
លោក Eddie Yue នាយកប្រតិបត្តិនៃអាជ្ញាធររូបិយវត្ថុក្រុងហុងកុង បាននិយាយកាលពីដើមសប្តាហ៍នេះថា អាជ្ញាធរមានគោលបំណង ដាក់ចេញនូវកម្មវិធីនេះនៅឆមាសទី២ ឆ្នាំនេះ។
ក្រុងហុងកុង បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្ហាញឱ្យបណ្ដាវិនិយោគិន មានទំនុកចិត្តថា ខ្លួននៅតែជាកន្លែងដ៏មានស្ថិរភាពសម្រាប់ការវិនិយោគ៕