ដោយៈសុខុម
រ៉ង់ហ្គូនៈ ក្រុមមេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានអនុម័តការវិនិយោគថ្មីលើគម្រោងនានា ដែលមានទំហំទឹកប្រាក់ជិត២,៨ពាន់លានដុល្លារអាមេរិក រួមទាំងរោងចក្រថាមពលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានទំហំ២,៥ពាន់លានដុល្លារអាមេរិក ផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៩ ឧសភា។

-->
យោងតាមសេចក្តីថ្លែងការណ៍មួយ លើគេហទំព័ររបស់អគ្គនាយកដ្ឋានគ្រប់គ្រងការវិនិយោគ និងក្រុមហ៊ុន (Directorate of Investment and Company Administration) បានឱ្យដឹងថា គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា បានអនុម័តលើគម្រោងចំនួន១៥កាលពីថ្ងៃទី៩ ឧសភា។
ការប្រកាសនេះ ធ្វើឡើងស្របពេលសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ជាប់គាំងមួយចំនួនធំដោយសារបាតុកម្ម និងកូដកម្ម ចាប់តាំងពីកងទ័ពដណ្ដើមអំណាចនៅថ្ងៃទី១ ខែកុម្ភៈ។ ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ Fitch Solutions បានព្យាករថា សេដ្ឋកិច្ចប្រទេសនេះនឹងធ្លាក់ចុះ២០%នៅឆ្នាំនេះ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា បន្ថែមពីលើរោងចក្រផលិតថាមពលសម្រាប់បំពេញតម្រូវការក្នុងស្រុក គម្រោងផ្សេងៗទៀត ដែលត្រូវបានអនុម័តរួមមានវិស័យបសុសត្វ ផលិតកម្ម និងសេវាកម្ម។
ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីបណ្ដាក្រុមហ៊ុន ដែលនៅពីក្រោយគម្រោងទាំងនោះឬថា តើក្រុមហ៊ុនទាំងនោះមកពីប្រទេសណាខ្លះឡើយ។ វិនិយោគិនធំបំផុតនៅប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺមហាយក្សចិន សិង្ហបុរី និងថៃ។
បច្ចុប្បន្ន ថាមពលអគ្គិសនីភាគច្រើនរបស់មីយ៉ាន់ម៉ា ផលិតចេញពីគម្រោងវារីអគ្គិសនី ប៉ុន្តែឧស្ម័នធម្មជាតិរាវ (LNG) ត្រូវគេមើលឃើញថា មានសារៈសំខាន់កាន់តែខ្លាំងឡើង សម្រាប់ប្រទេសនេះ ដែលសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស អំឡុងពេលមួយទសវត្សរ៍ នៃការកែទម្រង់ប្រជាធិបតេយ្យ៕