ដោយៈសុខុម
ក្រុងហ្សេរូសាឡឹម: ប្រទេសអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសកូរ៉េខាងត្បូង កាលពីចុងសប្ដាហ៍កន្លងទៅ ហើយអ៊ីស្រាអែល បានក្លាយជាប្រទេសទី១ នៅតំបន់មជ្ឈិមបូព៌ា ដែលចុះកិច្ចព្រមព្រៀងបែបនេះរដ្ឋាភិបាលក្រុងសេអ៊ូល។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ចអ៊ីស្រាអែល បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី៩ ឧសភា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ឱ្យដឹងថា កិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី តាមរយៈការកាត់ពន្ធគយ និងផ្តល់ការធានាលើការវិនិយោគ។
ក្រសួងដដែលបានគូសបញ្ជាក់ថា ពាណិជ្ជកម្មទ្វេរភាគី បានកើនឡើងដល់ប្រមាណ២,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដោយប្រមាណ២ភាគ៣នៃទំនិញ និងសេវាកម្មរបស់ខ្លួនត្រូវបាននាំចូលក្នុងប្រទេសសអ៊ីស្រាអែល។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា កាលពីចុងសប្តាហ៍កន្លងទៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់រដ្ឋមន្ត្រីការបរទេស Gabi Ashkenazi រដ្ឋមន្ត្រីសេដ្ឋកិច្ច Amir Peretz របស់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យ។
ក្រសួងនេះបានឱ្យដឹងទៀតថា ជាង៩៥%នៃការនាំចេញរបស់អ៊ីស្រាអែល ទៅកាន់ប្រទេសកូរ៉េខាងត្បូង នឹងមិនជាប់ពន្ធគយនោះទេ។ ទន្ទឹមនេះ ប្រទេសអ៊ីស្រាអែល ក៏កំពុងប្រឹងប្រែង ដើម្បីចុះកិច្ចព្រមព្រៀងស្រដៀងគ្នា ជាមួយមហាយក្សចិន វៀតណាម និងឥណ្ឌាផងដែរ។
ប្រទេសកូរ៉េខាងត្បូង គឺជាសេដ្ឋកិច្ចធំបំផុតទី១២ក្នុងពិភពលោក និងជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់អ៊ីស្រាអែល នៅអាស៊ី៕