ដោយៈគង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឲ្យក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation ជួយរៀបចំនិងជម្រុញការប្រើប្រាស់ប្រព័ន្ឋ GPS សម្រាប់បំពាក់លើយានយន្ត និងនាវានៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងភាគីពាក់ព័ន្ធផងដែរកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោក និងបានស្វាគមន៍ ចំពោះក្រុមហ៊ុនដែលត្រៀមបើកការិយាល័យ តំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក។
លោកស៊ុន ចាន់ថុលបានបន្តថា “ក្រសួងត្រៀមលក្ខណៈជាស្រេចក្នុងការ សហការលើការ ជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាជាប្រយោជន៍ ដល់ការដឹកជញ្ជូន” ។
លោកបន្តថា ក្រសួងគ្រោងនឹងលើកយកប្រធានបទនេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមហ៊ុន ជំរុញការបំពាក់ BeiDou GPS ៥៥០គ្រឿងដែលបានគ្រោងទុកនោះ ឱ្យបានទាន់ពេលវេលា ដើម្បីក្រសួងអាចយកជាបទពិសោធន៍ និងមានមូលដ្ឋាន ដើម្បីជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំង អាចប្រើប្រាស់ដើម្បីពិភាក្សា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននាចុងឆ្នាំ២០២១ខាងមុខនេះ។
ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយ លើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងការតាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធ BeiDou GPS នឹងផ្តល់ ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិនផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់នៅកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៕