ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនធ្វើពាណិជ្ជកម្មគ្រាប់ធញ្ញជាតិអាមេរិក ដែលមានអាយុកាលមួយសតវត្សរ៍ ត្រៀមមកវិនិយោគនៅអាស៊ី ហើយនឹងបើកការិយាល័យថ្មីជាច្រើននៅអាស៊ី ក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារកំណើនចំនួនប្រជាជននៅតំបន់នេះ នឹងជំរុញឱ្យមានតម្រូវការចំណីអាហារ និងចំណីសត្វ។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
លោក Adrian Gasparian នាយកគ្រប់គ្រងក្រុមហ៊ុន Scoular Co ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ហើយមានផែនការបើកការិយាល័យមួយទៀត នៅក្នុងតំបន់ក្នុងរយៈពេល១២ខែខាងមុខទៀត។
ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងអូម៉ាហា សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសទាំងពីរ ដោយផ្តោតលើការផ្គត់ផ្គង់ឧស្សាហកម្មម្ហូបអាហារ និងចំណីអាហារក្នុងស្រុក ដែលផលិតចេញពីសណ្តែកសៀង រហូតដល់ចំណីត្រី។
ទីផ្សារកសិកម្មនៅអាស៊ីកំពុងរីកចម្រើន ហើយប្រទេសចិនទិញបរិមាណពោត និងសណ្តែកសៀងអាមេរិកយ៉ាងច្រើន ដើម្បីផលិតជាចំណីជ្រូកជាដើម។ ប៉ុន្តែវាមិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ ប្រទេសឥណ្ឌូនេស៊ី ក៏បានក្លាយជាប្រទេសនាំចូលធំលំដាប់ទី២ផងដែរ។ ពាណិជ្ជករក៏ត្រូវបានទាក់ទាញឱ្យមានកំណើនខ្ពស់ នៅក្នុងកន្លែង ដូចជាវៀតណាមនិងថៃផងដែរ។
លោក Gasparian បានថ្លែងថា “ប្រសិនបើអ្នកសម្លឹងមើល៥ឆ្នាំខាងមុខ រាប់ចាប់ពីពេលនេះ ខ្ញុំគិតថា យើងនឹងមានវត្តមាននៅកម្ពុជា វៀតណាម ថៃ កូរ៉េ និងហ្វីលីពីន” ។ លោកបន្តថា “ខ្ញុំគិតថា តំបន់អាស៊ីអាគ្នេយ៍ មានអត្រាកំណើនខ្ពស់ជាងនេះ ទាំងផលិតផលក្នុងស្រុក ចំណីអាហារ និងកំណើនឧស្សាហកម្មម្ហូបអាហារ។ ខ្ញុំគិតថា ផ្នែកខ្លះនៃអាស៊ីខាងជើងគួរឱ្យចាប់អារម្មណ៍ផងដែរ” ៕