ដោយសុខុម
សេអ៊ូល: ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Group បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ឧសភាថា ខ្លួនមានគម្រោងបោះទុនវិនិយោគ៧,៤ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ត្រឹមឆ្នាំ២០២៥ ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៤ ឧសភា។
គម្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីកែលម្អរោងចក្រផលិត ហើយវិនិយោគបន្ថែមទៀតលើការផលិតរថយន្តអគ្គិសនី (EV) ។
ការប្រកាសរបស់ក្រុមហ៊ុន Hyundai ធ្វើឡើងស្របពេលដែលរដ្ឋការនៃប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្ដល់អាទិភាពលើការជំរុញឆ្ពោះទៅរកការផលិត និងប្រើប្រាស់រថយន្តអគ្គិសនី ដោយមានបំណងប្ដូរចេញរថយន្តប្រើប្រេងឥន្ធនៈរបស់រដ្ឋចំនួន៦៥០.០០០គ្រឿង ហើយដាក់ជំនួសដោយរថយន្តអគ្គិសនីផលិតដោយសហរដ្ឋអាមេរិក។
កាលពីខែមករា ដើមឆ្នាំ២០២១ លោក ចូ បៃឌិន ក៏បានចុះហត្ថលេខាលើបទបញ្ជាមួយជាមួយគោលបំណងដាក់វិធានតឹងរ៉ឺងជាងមុនលើការអនុវត្តលទ្ធកម្មរបស់រដ្ឋាភិបាល ដើម្បីបង្កើនការទិញផលិតផលដែលផលិតដោយសហរដ្ឋអាមេរិក ពង្រឹងការផលិតក្នុងស្រុក និងបង្កើតទីផ្សារសម្រាប់បច្ចេកវិទ្យាថ្មីៗផងដែរ។
ក្រុមអ្នកវិភាគមើលឃើញថា ការវិនិយោគរបស់ក្រុមហ៊ុន Hyundai នៅសហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ណាស់ដើម្បីទាញយកអត្ថប្រយោជន៍ពីគោលនយោបាយរថយន្តអគ្គិសនី (EV) នៃរដ្ឋការរបស់លោក ចូ បៃឌិន និងដើម្បីទទួលបានការឧបត្ថម្ភធន និងការលើកទឹកចិត្តផ្នែកពន្ធដារ៕