ដោយសុខុម
ឌូបៃ: មេអាកាសយានដ្ឋានដែលមមាញឹកបំផុតនៅលើពិភពលោកសម្រាប់អ្នកដំណើរអន្តរជាតិបាននិយាយថា លិខិតឆ្លងដែនវ៉ាក់សាំង (Vaccine Passport) គឺជាមធ្យោបាយតែមួយគត់ក្នុងការចាប់ផ្ដើមទទួលស្វាគមន៍ឡើងវិញនូវការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិទ្រង់ទ្រាយធំ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១៦ ឧសភា។
លោក Paul Griffiths នាយកប្រតិបត្តិអាកាសយានដ្ឋានក្រុងឌូបៃ បានប្រាប់សារព័ត៌មាន BBC ថា “ខ្ញុំគិតថា គ្មានជម្រើសផ្សេងក្រៅពីនេះទេ” ។
ក្រុមអ្នករិះគន់លិខិតឆ្លងដែនវ៉ាក់សាំង ឬប្រព័ន្ធឯកសារឌីជីថលដែលបង្ហាញថា អ្នកដំណើរចាក់វ៉ាក់សាំងរួច ឬធ្វើតេស្តកូវីដ-១៩ រួចនេះបានលើកឡើងថា អាកាសយាដ្ឋានដែលធ្វើបែបនោះគឺទង្វើរើសអើងចំពោះអ្នកដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ។
ជាការឆ្លើយតបចំពោះការរិះគន់ លោក Paul Griffiths បានបញ្ជាក់ថា លោកគាំទ្រពេញទំហឹងឱ្យមានឯកសារចាំបាច់សម្រាប់ធ្វើដំណើរដែល “ជៀសមិនរួច” ។ លោកបន្ថែមទៀតថា “ខ្ញុំគិតថា បញ្ហាមិនស្ថិតត្រង់លិខិតឆ្លងដែនវ៉ាក់សាំង និងការរើសអើងនោះទេ។ វាជាភាពចាំបាច់ដែលត្រូវដាក់ចេញ និងមានកម្មវិធីចាក់វ៉ាក់សាំងត្រឹមត្រូវដែលមានភាពស្មើគ្នាទូទាំងពិភពលោក” ។
អង្គការសុខភាពពិភពលោក (WHO) និងក្រុមប្រឹក្សាទទួលបន្ទុកការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (World Travel & Tourism Council) ស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងជំទាស់នឹងលិខិតឆ្លងដែនវ៉ាក់សាំង ស្របពេលមានការព្រួយបារម្ភថា វានឹងនាំឱ្យមាន “សង្គមពីរវណ្ណៈ” ។
កាលពីខែមុន លោកវេជ្ជបណ្ឌិត Mike Ryan ដែលមកពីអង្គការសុខភាពពិភពលោកបានលើកឡើងជាថ្មីម្តងទៀតនូវការព្រួយបារម្ភអំពីបញ្ហាក្រមសីលធម៌ និងភាពត្រឹមត្រូវជុំវិញលិខិតឆ្លងដែនវ៉ាក់សាំង។
លោកបានបន្ថែមថា “ចាំបាច់ត្រូវពិចារណាអំពីបញ្ហានោះឱ្យបានល្អិតល្អន់ ជាពិសេសនៅក្នុងពិភពលោកដែលការចាក់វ៉ាក់សាំងមានភាពមិនស្មើភាពគ្នា” ៕