អបអរសាទរៈក្បឿងខ្មែរស្រកាលេញបង្ហាញពីអន្តរសញ្ញាណខ្មែរលើឆាកអន្តរជាតិ

ចែករំលែក

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉ក ដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញា បង្ហាញអត្តសញ្ញាណខ្មែរជាមួយ ប្រទេសជាច្រើនលើសកលលោក។

លោកឧកញ៉ាលី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉កបានឱ្យដឹងកាលពីពេលថ្មីៗនេះថា “គោលបំណងរបស់យើង គឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថា ផលិតខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត”។

ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួ​យប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ។

ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់ តែងតែហៅតៗគ្នា ហើយពាក្យថា “ស្រកាលេញ”នេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។

ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុង ដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំ ខុសពីក្បឿងបុរាណដែលផលិតពីដីដុត។

លោកឧកញ៉ា លី ឈួងបានបន្តថា ការផលិតក្បឿងខេរ៉ក គឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់៕


ចែករំលែក