ស្ពាននៃគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្លងកាត់កោះអន្លង់ចិនកសាងបានប្រមា ណ៨០ភាគរយហើយ

0

ដោយៈរតនៈ

ក្រុងតាខ្មៅៈ ការសាងសង់ស្ពានក្រវ៉ាត់ក្រុងទី៣ ឆ្លងកាត់កោះអន្លង់ចិនសម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈក្រុមវិស្វករ និងក្រុមជាងកំពុងធ្វើការងារនេះយ៉ាងសកម្ម។

វិស្វករមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការស្ថាបនាស្ពាននេះលឿនជាងការគ្រោងទុក ខណៈក្រុមការងារសាងសង់បាន និងកំពុងពន្លឿនការងារនេះ។ លោកបន្តថា នេះជាប្រភេទស្ពានភ្លោះ ដែលសាងសង់ឡើងស្របតាមទំហំផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងលំហូរចរាចរណ៍ ដោយរថយន្តធំៗ មិនចាំបាច់ចូលទីក្រុង គឺធ្វើដំណើរលើផ្លូវដ៏សំខាន់នេះ។

លោកបន្តថា “នេះជាសមិទ្ឋផលមួយទៀតរបស់រដ្ឋាភិបាល ដែលបាននិងកំពុងជម្រុញឲ្យមានការអភិវឌ្ឍនៅតំបន់នេះ ពិសេសបច្ចប្បន្នមានគំរោងបុរី សំណង់លំនៅដ្ឋាន តំបន់ឧស្សាហកម្មជាច្រើនកំពុងសាងសង់នៅតំបន់នេះ”។
អាជ្ញាធរកោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្ដាលបានឲ្យដឹងថា ស្ពានឆ្លងកាត់កោះដែលល្បីខាងដំណាំមានមួយនេះ សាងសង់បានជាង៨០%ហើយ ព្រមទាំងបានបើកឲ្យឆ្លងកាត់បានបណ្ដើរៗហើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Propertyareaនៅ ថ្ងៃទី ២៥ ខែឧសភានេះ លោក ជ្រឹង ជ្រឿង ចៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានមានប្រសាសន៍ថា កោះអន្លង់ចិន គឺជាដែនដីមួយដែលពីមុនពិបាកធ្វើដំណើរឆ្លងកាត់ ព្រោះថាជាដែនដីកោះ ហើយបើចង់ឆ្លងកាត់លុះត្រាតែជិះទូកដរ ប៉ុន្តែពេលនេះ កោះដែលមានសក្តដានុពលមួយនេះ អាចឆ្លងទៅមកគ្រប់ពេល ព្រោះថាស្ពានបេតុងដែលរហូតពេលនេះ បានសាងសង់រូចជាង៨០ភាគរយហើយ ព្រមទាំងអនុញ្ញាតិឲ្យឆ្លងកាត់បាន ចំពោះរថយន្តធុនតូចទៀតផង។

លោកបន្តថា “ការដែលមានស្ពានឆ្លងកាត់យ៉ាងដូច្នេះ ធ្វើឲ្យតម្លៃដីនៅទីនោះហាក់កើនឡើងលឿនគួរឲ្យភ្ញាក់ផ្អើល ព្រោះថាមុនមានគម្រោងស្ពានឆ្លងកាត់ ដីនៅតំបន់នោះមានតម្លៃខ្ពស់ស្ទើមិនគួរឲ្យជឿ”។លោកបន្តថា “ដីបានកើនឡើងដល់ទៅប្រមាណ១០០ដុល្លាក្នុងមួយម៉ែត្រការ៉េ នេះបើគិតពីដីដែលជាប់ថ្នល់”។

តែទោះជាយ៉ាងណាលោកថា នៅក្នុងសង្កាត់អន្លង់ចិន មិនទាន់មានគម្រោងអភិវឌ្ឍន៍លំនៅឋាន ឬបុរីអ្វីមកវិនិយោគនៅឡើយតែ គឺដីភាគច្រើនសម្រាប់ធ្វើចំការ។

សង្កាត់កោះអន្លង់ចិន ជាកោះមួយដែលមានសក្ដានុពល លើដំណាំ៣ប្រភេទ គឺ មៀន ស្លឹកគូឆាយ និងដំណាំចេក។

ស្ពានឆ្លងកាត់កោះអន្លង់ចិននេះ គឺជាផ្នែកមួយនៃគម្រោងសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ និងទទឹងផ្លូវដល់២៥ ទៅ២៧ម៉ែត្រ។

ស្ពានដែលកំពុងសាងសង់នៅតំបន់នេះ បែងចែកជាពីរផ្នែកទី១ តភ្ជាប់ពីឃុំសិត្បូត៍ ទៅកាន់កោះអន្លង់ចិន មានប្រវែង៣៦៦ម៉ែត្រ និងមួយទៀតតភ្ជាប់ពីកោះអន្លង់ចិន ទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយ មានប្រវែង៦៣០ម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here