អភិបាលខេត្តព្រះសីហនុ៖ វិស័យសំណង់ហក់ឡើងខ្លាំងនៅចុងឆ្នាំមុន និងដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញអភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានថ្លែងថា វិស័យសំណង់នៅក្នុងខេត្តព្រះសីហនុ មានការរីកចម្រើនលឿននៅខេត្តព្រះសីហនុ កាលពីចុងឆ្នាំមុន និងដើមឆ្នាំ២០១៨នេះ។

លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ ថ្លែងប្រាប់ក្រុមអ្នកសារព៌តមានឲ្យដឹង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងមកថា រយៈពេលប៉ុន្មានឆ្នាំនេះគឺចុងឆ្នាំ២០១៧ ដើមឆ្នាំ២០១៨ អ្នកវិនិយោគជាតិ-អន្ដរជាតិចូលមកសិក្សាស្វែងរកឱកាសវិនិយោគ និងដាក់ទុនរកស៊ីជាបន្ដបន្ទាប់លើវិស័យនានា ដូចជា ឧស្សាហកម្មទេសចរណ៍ ក្នុងនោះវិស័យសំណង់ បានបង្ហាញរូបរាងលេចធ្លោជាច្រើន ទាំងតូច ធំនៅពាសពេញខេត្ដព្រះសីហនុ ដែលមានអាគារធំៗខ្ពស់ៗរាប់សិបជាន់។

លោកបន្ដថា វឌ្ឍនភាពរបស់ខេត្ដ នៃការកើនឡើងសំណង់ និងអ្នកវិនិយោគនេះ គឺដោយសារកត្ដាធំៗពីរ ទី១ កត្ដាសន្ដិភាព បានផ្ដល់នូវសុវត្ថិភាពក្នុងការកងសាង និងប្រក​ប​របររកស៊ីដោយសេរី និងទី២ កត្ដាច្បាប់ ដែលផ្តល់ការពារប្រជាពលរដ្ឋ អ្នកវិនិយោគប្រកបដោយស្ថេរភាពល្អ សម្រាប់បរិស្ថានវិនិយោគនៅក្នុងខេត្ដព្រះសីហនុ ក៍ដូចជាទូទាំងប្រទេសកម្ពុជា។ កំណើនសំណង់នេះ ក៍បានបង្ហាញនូវផលវិជ្ជមានច្រើន គឺប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ខេត្ដ ក្នុងនោះជីឌីភីរបស់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ មានកំណើនជាលំដាប់ដែរ ជាក់ស្ដែងពលរដ្ឋម្នាក់ពីជាង១០០០ដុល្លារ រហូតដល់ជាង ២០០០ដុល្លារក្នុង១ឆ្នាំ។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ដព្រះសីហនុបានបង្ហាញឲ្យឃើញថា សំណង់តូច ធំក្នុងឆ្នាំ២០១៧ មានការកើនឡើងច្រើន ជាលទ្ធផលជិត៣០ភាគរយ ធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានឹងការកើនឡើងនៃសំណង់នេះដែរ ក៏ធ្វើឲ្យមានការប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ ដោយសា​រ​ម្ចាស់ការដ្ឋានមួយចំនួន មិនបានស្ដាប់ធ្វើតាមការណែនាំរបស់សមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរខេត្ដ ដោយនៅបន្ដសាងសង់ខ្វះលក្ខណៈបច្ចេកទេស ដូចជា ការដ្ឋានគ្មានរបងបិទបាំង យកចិញ្ជើមផ្លូវដាក់សម្ភារៈសំណង់ជាដើម។ល។

រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម នៅក្នុងគោលនយោបា​យអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥ ដែលធ្វើឲ្យខេត្តនេះមានការរីក​ចម្រើនយ៉ាងលឿនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ខេត្តព្រះសីហនុ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី២នៅពេលដ៏ខ្លីខាងមុខនេះ ដោយសារខេត្តនេះមាន​សក្តានុពលយ៉ាងខ្លាំង ដែលបាននិងកំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និង អន្តរជាតិ។ ខេត្តនេះមានសក្តានុពលដោយសារមានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា មានផ្លូវរថភ្លើង និងមានផ្លូវគោក ពិសេសគំរោងសា​ងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះនាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here