ដោយៈគង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវយន្តការ ស្វែងរកដំដោះស្រាយចំណោទបញ្ហា ដោយផ្តល់ឱកាសដល់ធុរកិច្ចថ្មី ក្នុងវិស័យបច្ចេកវិទ្យាជួយដោះស្រាយ ក្នុងនោះប្រសិនដំណោះស្រាយទទួលបានជោគជ័យ នឹងត្រូវយកទៅអនុវត្តន៍នៅតាមបណ្តាក្រុមហ៊ុននានា និងក្លាយជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍអាជីវកម្មដ៏សំខាន់ផងដែរ។
នៅក្នុងកម្មវិធីប្រកួតប្រជែងដណ្តើមជ័យលាភី ”ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ” នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះតាមប្រព័ន្ធអនឡាញ លោកឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា នេះជាកម្មវិធីដំបូង ដែលរដ្ឋាភិបាលបានផ្តល់ឱកាសដល់ក្រុមហ៊ុនធំៗ លើកឡើងសម្រាប់បញ្ហាដែលកំពុងប្រឈម ទៅដល់នវានុវត្តន៍ជន ដើម្បីរកដំណោះស្រាយ។
លោកឲ្យដឹងទៀតថា “ការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់ ការវេរសាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតម្រូវការប្រើប្រាស់ ដូច្នេះតាមរយៈនៃកម្មវិធីនវានុវត្តន៍បញ្រ្ចាស គឺជាការស្វែងរកដំដោះស្រាយចំណោទបញ្ហា ដោយផ្តល់ឱកាសដល់ធុរកិច្ចថ្មី ក្នុងវិស័យបច្ចេកវិទ្យាជួយដោះស្រាយ”។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ថា កម្មវិធីនេះគឺជាការជម្រុញឲ្យនិស្សិតធុរកិច្ចថ្មី អាចបង្ហាញនូវសមត្ថភាព និងការបង្កើតនូវផលិតផល សេវាកម្មឬដំណោះស្រាយអាជីវកម្មផ្សេងៗ ជាពិសេសគ្រឹះស្ថាន ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា នឹងក្លាយជាចំណែកមួយក្នុងការលើកកម្ពស់វិសាលភាពធុរកិច្ចថ្មី សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជា ពង្រីកផលិតផលការងារឲ្យកាន់តែប្រសើរ ខណៈបច្ចេកវិទ្យាឌីជីថល ដែលបានកំពុងក្លាយជាប្រធានបទសម្រាប់ដោះស្រាយរាល់បញ្ហា ជាពិសេសលើផ្នែកអាជីវកម្ម និងជាកាលានុវត្តន៍ថ្មី ដែលកម្ពុជាកំពុងក្តោបយក។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកគង់ ម៉ារីមានប្រសាសន៍ថា បន្ទាប់ពីការអនុវត្តន៍កម្មវិធីខាងលើ នៅឆ្នាំ២០២១នេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចតេជោ និងរៀបចំកម្មវិធីថ្នាលបណ្តុះបណ្តាលថ្មីៗថែមទៀត ដើម្បីបង្កើនភាពរស់រវើកនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីៗ ដូចជា ការរៀបចំកម្មវិធីពន្លឿនអាជីវកម្មតេជោ ដែលកម្មនេះនឹងទទួលយកធុរកិច្ចថ្មីដែលកំពុងមានប្រតិបត្តិការ ដើម្បីពន្លឿនការលូតលាស់របស់ពួកគេ តាមរយៈការផ្តល់បុរេមូលនិធិបណ្តុះអាជីវកម្ម ការណែនាំ និងការភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន និងការរៀបចំអភិវឌ្ឍន៍ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា ដោយថ្នាលនេះនឹងភ្ជាប់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចជាមួយគ្នា ក្នុងនោះអ្នកពាក់ព័ន្ធនានានឹងអាចស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេង ដែលគេត្រូវការនៅក្នុងឌីជីថលថ្មីនេះ៕