ដោយៈ វតនៈ
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូនបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២ ដែលចាប់ផ្ដើមពង្រឹក និងធ្វើឲ្យប្រសើរឡើងកាលពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ៣៦%ហើយ ខណៈអ្នកជំនាញលើកឡើងថា វិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិនេះកំពុងបង្ហាញសក្តានុពល។
លោកវ៉ាស៊ឹម សុរិយាអ្នកនាំពាក្យក្រសួងសាធារការ និងដឹកជញ្ជូន បានប្រាប់បានថ្លែងប្រាប់ Propertyarea.asia នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និង២២នេះ ក្រុមការងារក្រសួងបានបែកចែកជាច្រើនក្រុម គឺក្រុមការងារក្នុងគម្រោង គណៈកម្មការត្រួតពិនិត្យគម្រោង និងក្រុមការងារពិសេសរបស់រដ្ឋមន្ត្រីក្រសួង ដែលតែងតែចល័តចុះពិនិត្យការសាងសង់ ដោយមិនបានប្រាប់មុន។
លោកបានថ្លែងបន្តថា រហូតដល់ពេលនេះគឺការសាងសង់សម្រេចបានប្រមាណ៣៦%នៃគម្រោងហើយ ។ លោកបានដឹងទៀតថា ពីដំបូងការអនុវត្តគម្រោងហាក់យឺតយ៉ាវបន្តិច ប៉ុន្តែមិនអាចថា គម្រោងទាំងស្រុងយឺតនោះទេ ព្រោះថាម្ចាស់គម្រោងអាចនឹងពន្លឿនការសាងសង់នៅចុងគម្រោង។
លោកឌឹត ចាណ្ណាអគ្គនាយកក្រុមហ៊ុន Lucky Real Estate មានប្រសាសន៍ថា ផ្លូវជាតិលេខ២ គឺជាផ្លូវមួយខ្សែនៅភាគខាងត្បូងរាជធានីភ្នំពេញ ហើយកំណាត់ផ្លូវដែលកំពុងតែសាងសង់នេះគឺមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេ។
លោកបានបន្តថា ក្រៅពីផ្លូវជាតិលេខ២ នៅតាមបណ្ដោយផ្លូវនេះមានសំណង់សំខាន់មួយទៀតគឺ ព្រលានយន្តហោះអន្តរជាតិ ដែលកំពុងសាងសង់ បូករួមតាំងតំបន់ពាណិជ្ជកម្មធំទៀតផងដែរ ដែលធ្វើឲ្យតាមបណ្ដោយផ្លូវនេះមានសក្ដានុពលលើវិស័យអចលនទ្រព្យ មិនថាពេលនេះ ឬទៅខាងមុខនោះទេ។
គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាង សង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប៧២,១៧គីឡូម៉ែត្រ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មាគម្រោងធ្វើឲ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា៥៦,១លានដុល្លារ ដែលជា ហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕