ក្រុមហ៊ុនមួយបោះទុន២៥លានដុល្លារវិនិយោគកោះពោធ៍ជារមណីយដ្ឋានប្រណីត

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ បានសម្រេចបោះទុនវិនិយោគ២៥លានដុល្លារអាមេរិក ដើម្បីសាងសង់រមណីយដ្ឋានប្រណីតមួយនៅលើកោះពោធ៍ ស្ថិតក្នុង​ទឹកដីក្រុងកែប ខេត្តកែប។

លោកសាស្រ្តាចារ្យ ទួស សាភឿន អ្នកគូរប្លង់គំរោងអភិវឌ្ឍន៍កោះពោធ៍បានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន ISLAND D G Co, Ltd បានសម្រេចបោះទុនវិនិយោគសាងសង់រមណីយដ្ឋានលំដាប់ផ្កាយប្រាំ នៅប្រជុំកោះពោធ៍ ដែលគំរោងនេះ​រួមមានសណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកំសាន្តជាដើម។ គំរោងនេះស្ថិតនៅចម្ងាយប្រមា ណ៥គីឡូម៉ែត្រពីកំពង់ផែ ខេត្តកែប និង២,៥គីឡូម៉ែត្រពីកោះទន្សាយ។

លោកបន្តថា “ទីតាំងគំរោងនេះមានឆ្នេរខ្សាច់ស្អាត មានផ្កាថ្ម មានត្រីស្អាតៗ និងត្រីដូហ្វីនផងដែរ”។លោកបន្តថា “សូមបងប្អូនអញ្ជើញទៅកំសាន្ត និងរីករាយជាមួយតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា”។
ខេត្តកែបទើបទទួលបានពានរង្វាន់ទីក្រុង ដែលមានបរិស្ថានស្អាតកម្រិតអាស៊ានដោយឈរលើមូលដ្ឋានបីគឺទឹកស្អាត ខ្យល់ស្អាត និងដីស្អាត។


អភិបាលខេត្តកែប លោក កែន សត្ថា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកធ្លាប់ បានមានប្រសាសន៍ពីគំរោងវិនិយោគនេះថា ជាគំរោងវិនិយោគដ៏ល្អមួយ ស្របពេលខេត្តកំពុងមានសក្តានុពល និងស្វាគមន៍ចំពោះគំរោងអភិវឌ្ឍន៍នានា ដោយឈរលើគោលការណ៍គោរពបរិស្ថានជាចំបង។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រ​សាសន៍ថា ខេត្តកែបមានចំណុចពិសេសមួយ ដែលពេលយើងទៅដល់ហើយមិនចង់ត្រលប់មកវិញ ដោយសារតែខេត្តនេះមានធម្មជាតិ ពិសេសព្រៃឈើដ៏ស្រស់បំព្រងនិងមាន​ខ្យល់អាកាសល្អបរិសុទ្ឋ។ លោកស្រីបន្តថា អ្វីដែលយើងចង់បានគឺមិនចង់ឲ្យខេត្តនេះ​មានកាស៊ីណូ ដូចខេត្តព្រះសីហនុនោះទេ ហេតុនេះរដ្ឋាភិបាលគួររៀបចំខេត្តនិមួយៗមាន​ភាពពិសេស និងសកម្មភាពអភិវឌ្ឍន៍ដោយឡែកៗពីគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here