វិស័យសំណង់នៅកំពតនៅតែមានសន្ទុះខ្លាំង ទោះស្ថិតក្នុងបរិបទកូវីដ១៩

0

ដោយៈ ប៊ី

ភ្នំពេញៈ ការវិនិយោគលើវិស័យសំណង់នៅខេត្តកំពត ត្រូវបានមើលឃើញថានៅតែបន្តមានការចម្រើនទៅមុខជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការវិនិយោគលើវិស័យនេះនៅតែមានកំណើន ទោះស្ថិតនៅក្នុងវិបត្តិកូវិដ១៩ ក៏ដោយ។

លោកស៊ឹម សុខជាអនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថា វិស័យសំណង់ក្នុងខេត្តនៅតែបន្តដំណើរទៅមុខជានិច្ច ទោះស្ថិតក្នុងបរិបទកូវីដ១៩ ដោយសារអ្នកវិនិយោគបានមកធ្វើការអភិវឌ្ឍន៍លើផ្នែកនេះជាហូរហែ។

លោកបានបន្តថា បច្ចុប្បន្នទោះស្ថានភាពកូវីដ១៩ហាក់មានសណ្ឋានធ្ងន់ធ្ងរក៏ពិតមែនប៉ុន្តែការដ្ឋានសំណង់ទាំងអស់ក្នុងខេត្ត នៅតែបន្តដំណើរការជាធម្មតា គ្មានការបិទផ្អាកទេ ប៉ុន្តែពិបាករកកម្លាំងពលកម្មបន្តិច ខណៈដែលការរដ្ឋានថ្មីៗបានចាប់ផ្តើមបើកដំណើរកាសាងសង់ជាហូរហែ និងមានចំនួនច្រើនជាងឆ្នាំមុនៗ។

លោកបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ការដ្ឋានសំណង់មាន២១៦ការដ្ឋាន អត់ច្បាប់២០ការដ្ឋានតម្លៃវិនិយោគសរុប ជាង៣៦លានដុល្លា។ ឆ្នាំ២០២០ ការដ្ឋានសំណង់កើនដល់២៩៩កន្លែង អត់ច្បាប់៤៧ តម្លៃវិនិយោគសរុបជាង៣៧លានដុល្លា។ ដោយឡែក ក្នុងរយៈពេលប្រាំខែដើមឆ្នាំឆ្នាំ២០២១នេះ មានការដ្ឋានសរុបជាងមួយរយការដ្ឋាន ដែលមានតម្លៃវិនិយោគសរុបជាងពាក់កណ្តាលនៃតម្លៃវិនិយោគក្នុងឆ្នាំ២០២០កន្លងទៅ។

លោកបានបញ្ជាក់ថា វិស័យសំណង់ខេត្តកំពតនៅតែមានកំណើនដោយសារ ៖១- ការយកចិត្តទុកដាក់ ដឹកនាំរបស់រដ្ឋបាលខេត្តកំពត, ២-ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពតអភិវឌ្ឍន៍ច្រើនជាងមុន ៣- សំបូរតំបន់ទេសចរណ៍ ៤-សំបូរភោគផលធម្មជាតិ និង វប្បធម៌ ៥- វិស័យអចលនទ្រព្យនៅតែបន្តសកម្មភាព និងទី៦.ជាខេត្តជាប់នឹងមាត់សមុទ្រផង។

ការផ្តល់សេវាលើវិស័យសំណង់មានបីសមត្ថកិច្ច ១- សមត្ថកិច្ចរដ្ឋបាលក្រុង/ ស្រុក ទំហំផ្ទៃក្រោម ៥០០ម៉ែត្រការ៉េ, ២- សមត្ថកិច្ចរដ្ឋបាលខេត្ត ចាប់ពីទំហំលើស៥០០ ដល់ ៣០០០ ម៉ែការ៉េ និង ៣-សមត្ថកិច្ចក្រសួងចាប់ពីទំហំផ្ទៃលើស ៣០០០ ម៉ែត្រការ៉េឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here