ដោយៈសុខុម
ប៉េកាំង: នាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Alibaba Group Holding Ltd បានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ មិថុនា នេះថា ក្រុមហ៊ុនយក្សនេះគ្រោងផលិតរថយន្តដឹកទំនិញ ដែលបើកបរដោយស្វ័យប្រវត្តិ ជាមួយក្រុមហ៊ុនដឹកទំនិញCainiao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Edge Markets។
លោក Cheng Li នាយកផ្នែកបច្ចេកវិទ្យា នៃក្រុមហ៊ុនដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឈានមុខគេរបស់ចិន មួយនេះក៏បានលើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូន Cainiao មានគម្រោងដាក់ឱ្យប្រើប្រាស់មនុស្សយន្ត (Robot) ដឹកប្រគល់ទំនិញដោយស្វ័យប្រវត្តិចំនួន១.០០០គ្រឿងនៅក្នុងប្រទេសចិន នៅឆ្នាំ២០២២។
ការប្រកាសនេះ ធ្វើឡើងស្របពេលក្រុមហ៊ុនទើបបង្កើតថ្មី (Startup) ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗសរុបរាប់សិបក្រុមហ៊ុន រួមមាន ក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេ Baidu Inc របស់ចិនផង កំពុងពន្លឿនការងារអភិវឌ្ឍប្រព័ន្ធយានយន្តបើកបរដោយស្វ័យប្រវត្តិ។
មជ្ឈដ្ឋានទូទៅរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធយានយន្តបើកបរ ដោយស្វ័យប្រវត្តិនេះនឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងធំសម្បើម ដល់ឧស្សាហកម្មដឹកជញ្ជូន។
ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ ដែលបើកបរដោយស្វ័យប្រវត្តិផ្សេងទៀត ក៏រួមមានក្រុមហ៊ុន TuSimple Holdings Inc របស់សហរដ្ឋអាមេរិក ដែលបានចុះបញ្ជីភាគហ៊ុននៅខែមេសា ដើមឆ្នាំនេះផងដែរ៕