ធនាគារហត្ថាប្រកាសបង្កើនដើមទុនដល់១៤០លានដុល្លារដើម្បីពង្រីកសេវាកម្ម ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ

0

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារហត្ថា ប្រកាសបង្កើនដើមទុនពី១១៥លានដុល្លារអាមេរិក ដល់១៤០លានដុល្លារអាមេរិក បន្ទាប់ពីភាគហ៊ុនិកបានចាក់បញ្ចូល ដើមទុនចុះបញ្ជីថ្មីបន្ថែមចំនួន២៥លានដុល្លាអារមេរិក។ នេះបើយោងតាមការសេចក្តីជូនដំណឹងរបស់ធនាគារហត្ថានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងបានឱ្យដឹងថា “ធនាគារហត្ថា បានកែប្រែលក្ខន្តិកៈ ដើម្បីបង្កើនដើមទុនចុះបញ្ជីពី១១៥លានដុល្លារអាមេរិក ដល់១៤០លានដុល្លារអាមេរិក បន្ទាប់ពីភាគហ៊ុនិក បានចាក់បញ្ចូលដើមទុនចុះបញ្ជីថ្មីបន្ថែម ចំនួន២៥លានដុល្លាអារមេរិកនិងបញ្ចូល លោក Pairote Cheunkrut ជាអភិបាលថ្មី ជំនួស លោកស្រី Voranuch Dejakaisaya ដែលបានលាលែង”។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះថា ធនាគារហត្ថាទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពជារួចហើយ ក្នុងការបង្កើនដើមទុននេះ ដោយធនាគារបន្ថែមដើមទុន២៥លានដុល្លារ។

លោកឧកញ៉ាបានឱ្យដឹងថា “យើងដំឡើងដើមទុននេះ ដោយសារទី១គឺយើងត្រូវការពង្រីកសេវាកម្មរបស់យើង ដែលមានន័យថា យើងចង់ផ្តោតអារម្មណ៍ទៅលើការផ្តល់សេវាកម្មផ្តល់កម្ចីទៅវិស័យSME ឱ្យបានកាន់តែច្រើនឡើង ព្រោះយើងដឹងហើយថា បន្ទាប់ពីវិបត្តិកូវីដនេះទៅ ប្រជាជន និងអតិថិជនរបស់យើងប្រាកដ ជាត្រូវការដើមទុនច្រើន ដូច្នេះយើងត្រូវបម្រុងដើមទុនទុកជាមុន”។

លោកឧកញ៉ាបានឱ្យដឹងថា “ចំណុចទី២ យើងត្រូវការដើមទុនបន្ថែម ដើម្បីសាងសង់អាគារការិយាល័យផ្ទាល់ខ្លួនរបស់យើង”។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ធនាគារ ហត្ថា មានការិយាល័យសរុបចំនួន១៧៧ និងបណ្តាញអេធីអឹមចំនួន១៣៧ នៅទូទាំងប្រទេស។ លើសពីនេះ អតិថិជនបានមកបើកគណនីជាមួយធនាគារហត្ថា គឺជិត៥០ម៉ឺនគណនី ដោយក្នុងនេះ គណនីបញ្ញើសន្សំមានជិត ៣០ម៉ឺនគណនី និងគណនីឥណទានជិត ២០ម៉ឺនគណនី។

ជាមួយគ្នានេះដែរ សំពាធឥណទានរបស់ធនាគារនេះ បានកើនឡើងដល់ជាង១ ៣០០ លានដុល្លារអាមេរិក ស្មើនឹងកំណើនប្រមាណ២៦% បើធៀបនឹងឆ្នាំ២០១៩ និងចំណែកសំពាធប្រាក់បញ្ញើសន្សំ បានកើនឡើងដល់ជិត៨០០លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង៣២% បើធៀបនឹងឆ្នាំ២០១៩។

ចំណែកអតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័ត បានកើនឡើងរហូតដល់១០៥% គឺកើនឡើងពីជាង៨០០០នាក់ ទៅដល់ជាង១៦,០០០នាក់ បន្ទាប់ពីស្ថាប័ននេះ បានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័ត ដែលទើបបានធ្វើទំនើបកម្មរួចរាល់កាលពីចុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here