សម្តេចតេជោសម្រេចដឹកនាំផ្ទាល់លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលចំនួនឆ្លងជំងឺនេះនៅតែមានច្រើន

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដឹកនាំគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក)ដោយផ្ទាល់ ដោយអមដោយឧបនាយ​ក​រដ្ឋមន្រ្តី៤រូប ក្នុងនោះអនុប្រធានប្រចាំការ១រូប និងអនុប្រធានចំនួន៤រូប ព្រមទាំងសមាជិកជាច្រើននាក់ទៀតផងដែរ។

យោងតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ក៏បានកំណត់ឲ្យមានគណៈប្រចាំការមួយ ជាសេនាធិការប្រចាំការផងដែរ ដោយសមាសភាពប្រធានមួយរូប គឺឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយអនុប្រធាន២រូប និងសមាជិក។

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
* ដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ១៩
* កំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ដ្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់ដល់វិស័យសុខាភាពសាធារណៈ និងធានា​ដល់និរន្ដរភាព នៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើង នៃវិស័យសង្គម-សេដ្ឋកិច្ចតាម “គន្លងប្រក្រតីភាពថ្មី”។

* ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩។
* គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្ដរជាតិ និង
* ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្ដរវិស័យ អន្ដរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមួយដៃគូដែលមានការពាក់ព័ន្ធ។

ជាមួយគ្នានេះ មាត្រា៥ នៃអនុក្រឹត្យនេះក៏បានកំណត់ពី គណៈកម្មការក្រោមឱវាទរបស់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖
* គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សរសេរជាអក្សរកាត់ថា «គ.អ.ក»
* គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សរសេរជាអក្សរកាត់ថា “គ.វ.ក-១៩”។
* គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្ម វ៉ាក់សាំងកូវីដ១៩ សរសេរជាអក្សរកាត់ថា”គ.ល.វ”។
* គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត សរសេរជាអក្សរកាត់ថា “គ.រ.ខ”។

ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតគណៈកម្មការ ឬយន្ដការផ្សេងទៀត ដោយសេចក្ដីសម្រេច តាមសំណើរបស់គណៈប្រចាំការ នៃ គ.ប.ក ដើម្បីបម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here