ដោយៈគង់ សូរិយា
កោះកុងៈ ក្រុមហ៊ុន Royal Group Co, Ltdបានដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីធ្វើអាជីវកម្មបូមខ្សាច់ចំនួនពីរទីតាំង នៅក្នុងខេត្តកោះកុង ខណៈអ្នកជំំនាញបរិស្ថានបានលើកឡើងពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះ នឹងរងផលប៉ះពាល់នាពេលអនាគត។
ជាមួយនឹងសំណើរនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានចុះពិនិត្យគម្រោងស្នើសូមជួលដីរដ្ឋធ្វើអាជីវកម្មខ្សាច់ ចំនួន២គម្រោងរបស់ក្រុមហ៊ុន Royal Group Co.,LTD ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំប្រឡាយ ស្រុកថ្មបាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ។
ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង លើគម្រោងស្នើធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុន ក្រុមការងារនៃស្ថាប័នពាក់ព័ន្ធ នឹងរៀបចំកំណត់ហេតុរួម ដើម្បីដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច ក្នុងនោះរដ្ឋបាលខេត្ត បានស្នើសូមនូវចំណុចមួយចំនួនដូចជា ទី១-ក្រុមហ៊ុនសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ ទៅលើបរិស្ថាន និងសង្គម។ ទី ២-ដោះស្រាយផលប៉ះពាល់ និងសំណងនានា ប្រសិនបើការអនុវត្តគម្រោងមួយនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដីកម្មសិទ្ធ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។
ទី៣-ជួយលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជ្រើសរើសកម្មករ រឺបុគ្គលិកពីក្នុងភូមិ ឃុំ ដែលទីតាំងគម្រោងបានអនុវត្តន៍ ទី៤-ចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងគម្រោងវិនិយោគ និងទី៥-ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ត្រូវគោរពតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានា ដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានតម្រូវការចាំបាច់៕