ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Agile Group Holdings ប្រកាសលក់ភាគហ៊ុនតម្លៃ៧.០៥ពាន់លានយ័ន (ប្រមាណ១,០៨ពាន់លានដុល្លារអាមេរិក) នៅក្នុងគម្រោងអចលនទ្រព្យចំនួន៧ ទៅឱ្យក្រុមហ៊ុនPing An Insurance Group។ នេះបើយោងតាមការចេញផ្សាយរបស់ South China Morning Post កាលពីថ្មីៗនេះ។
ការលក់ភាគហ៊ុននឹងនាំមកនូវសាច់ប្រាក់ ដែលត្រូវការជាចាំបាច់ មុនពេលបទ ប្បញ្ញត្តិ រឹងបន្តឹងលើការកម្ចីចូលជាធរមាន ហើយអនុញ្ញាតឱ្យក្រុមហ៊ុនPing An ពង្រីកខ្លួនកាន់ធំ នៅក្នុងទីផ្សារអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន។
ក្រុមហ៊ុន Agile ដែលបានចុះបញ្ជីនៅហុងកុង កំពុងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងការអភិវឌ្ឍជាច្រើន ជាពិសេសនៅភាគខាងត្បូងនិងខាងកើត និងភាគកណ្តាលនៃប្រទេ សចិនទៅឱ្យក្រុមហ៊ុនPing An។
ក្រុមហ៊ុនអចលនទ្រព្យ ដែលមានទីស្នាក់ការកណ្តាលនៅក្វាងចូវ បានឱ្យដឹងនៅក្នុងឯកសារមួយថា “នេះអាចធ្វើឱ្យមានការធ្វើពិពិធកម្ម ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងជួយសម្រួលដល់ក្រុមហ៊ុន ដើម្បីបំពេញតាមតម្រូវការដើមទុនចរន្ត ការសម្រាប់ការអភិ វឌ្ឍគម្រោងអចលនទ្រព្យ”។
គម្រោងទាំង៧នេះ គ្របដណ្តប់លើផ្ទៃដី១,៧៦លានម៉ែត្រការ៉េ ក្នុងនោះគម្រោងចំនួនបីស្ថិតនៅក្នុងទីក្រុង Zhongshan, Qingyuan និង Huizhou ក្នុងខេត្ត Guangdong មួយស្ថិតនៅខេត្ត Hainan និងគម្រោងផ្សេងៗទៀតនៅសល់គឺនៅទីក្រុង Yang Yang, Zhengzhou និង Tianjin ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ចាប់ពីដើមឆ្នាំ២០២១ អ្នកអភិវឌ្ឍន៍ ដែលមិនបានបំពេញតាមតម្រូវការ ហិរញ្ញវត្ថុជាក់លាក់ចំនួន៣ នឹងត្រូវបានដាក់ឱ្យស្ថិតការរឹតបន្តឹង ឬត្រូវបានហាមឃាត់ទាំងស្រុងពីការខ្ចីប្រាក់។
លោក Zhang Bo ប្រធានអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ58 Anjuke Real Estate Research Institute បានមានប្រសាសន៍ថា “ក្រុមហ៊ុនធានារ៉ាប់រងវិនិយោគ លើអ្នកអភិវឌ្ឍន៍អចលនទ្រព្យ គឺជានិន្នាការដ៏ធំមួយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ទោះបីពួកគេមិនបានអភិវឌ្ឍអចលនទ្រព្យក៏ដោយ និន្នាការរបស់ពួកគេក្នុងឧស្សាហកម្មអចលនទ្រព្យ តាមរយៈការទិញភាគហ៊ុននៅក្នុងគម្រោងនានា គឺកើតឡើងរួចទៅហើយ”៕