ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ខណៈផ្សារទំនើបAEON Mall3កំពុងសាងសង់យ៉ាងសកម្ម និងគ្រោងបញ្ចប់តាមផែនការរបស់ខ្លួន វត្តមានផ្សារទំនើបAEON Mall4 រំពឹងនឹងកើតឡើងនៅពេលបន្ទាប់។
ខណៈគេមើលឃើញសក្តានុពលខេត្តសៀមរាប និងក្រុងព្រះសីហនុជាជម្រើស សំរាប់វិនិយោគផ្សារAEON Mall4 អ្នកជំនាញមួយរូបបានសម្លឹងឃើញផ្ទុយពីនេះ។

-->
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ មិថុនានេះថា ការបង្ហាញវត្តមានរបស់ក្រុមហ៊ុនផ្សារទំនើបខ្នាតយក្សនេះ បាននិងកំពុងជំរុញការលើកកំពស់មុខមាត់កម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានមកវិនិយោគដោយជោគជ័យ លើផ្សារទំនើបAEON Mall1, AEON Mall2និងកំពុងសាងសង់ផ្សារទំនើបAEON Mall3 នៅលើមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។
លោកបានមានប្រសាសន៍បន្តថា “បើសួរថាតើផ្សារទំនើបAEON Mall4នឹងបោះទីតាំងនៅតំបន់ណា ខ្ញុំគិតថាផ្សារទំនើបទី៤នឹងបោះទីតាំងនៅភាគខាងជើង នៃក្រុងភ្នំពេញ ដែលស្ថិតនៅក្បែរនឹងផ្លូវជាតិលេខ៦អា ជាមួយនឹងមហាវិថីឈ្នះ ឈ្នះ”។

លោកយិន លាងគង់បានបន្តថា មូលហេតុដែលលោកគិតថា ផ្សារទំនើបAEON Mall4 នឹងសាងសង់នៅតំបន់នេះ ដោយសារហេតុផលសំខាន់ៗចំនួន៥ ដូចជា ទី១ តំបន់នេះកំពុងមានការវិនិយោគបុរីកាន់តែច្រើន ដែលភាគច្រើនជាបុរីលំដាប់ប្រណីត ហេតុនេះ រយៈពេល៣ទៅ៥ឆ្នាំក្រោយ ការបង្ហាញវត្តមានរបស់ផ្សារនៅតំបន់នេះ គឺជាពេលវេលាដ៏សមស្របជាមួយនឹងកំនើនប្រជាពលរដ្ឋ ចូលទៅរស់នៅតំបន់នេះ ទី២ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ ដោយមានស្ពានលី យ៉ុងផាត់ ដែលតភ្ជាប់ជាមួយផ្លូវ៦អា ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ទី៣ តំបន់នេះបច្ចុប្បន្នបានក្លាយជារមណីយដ្ឋានរួចទៅហើយ ដោយមនុស្សរាប់រយនាក់បានទៅកំសាន្តនៅវិមានឈ្នះ ឈ្នះ សួនទឹកដ៏ធំ សួនសត្វសាហ្វារីវើលដ៏ ពិសេសនៅពេលពហុកីឡដ្ឋានមរតកសម្តេចតេជោសាងសង់ចប់ តំបន់នេះនឹងកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទី៤ តំបន់នេះមានដីទំនេរធំ ហើយវិនិយោគិនដែលវិនិយោគសាងសង់ផ្សារទំនើបAEON Mall2 ក៏បានទិញដីរបស់អ្នកឧកញ៉ាលី យ៉ុងផាត់ផងដែរ និងទី៥ ការវិនិយោគទីក្រុងមិត្តភាពកម្ពុជា ចិន និងគំរោងលំនៅដ្ឋាន មជ្ឈមណ្ឌលពា ណិជ្ជកម្មជាច្រើនទៀត ក៏ជាកត្តាមួយគាំទ្រហេតុផលខាងលើផងដែរ។

លោកយិន លាងគង់បានបន្តថា ក្រុងព្រះសីហនុជាទីតាំងដ៏មានសក្តានុពល ក្រុងសៀមរាបជាបណ្តុំទេសចរណ៍៍ ប៉ុន្តែអំណាចនៃការទិញរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅមានកម្រិតនៅឡើយ បើធៀបនឹងទីក្រុងភ្នំពេញ ដែលប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗមានប្រមាណ៧០០០ដុល្លារក្នុងមួយឆ្នាំ៕