សម្ដេចតេជោ ស្នើឱ្យទូតថ្មីរបស់ឆែកជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតឆែកថ្មីប្រចាំប្រទេសកម្ពុជា ជំរុញការធ្វើសហប្រតិបត្តិការបន្ថែមទៀត ដោយជំរុញឱ្យវិនិយោគិន និងធុរជននៃសាធារណៈរដ្ឋឆែក ដាក់ទុននិងធ្វើពាណិជ្ជកម្មជាមួយកម្ពុជាបន្ថែម ខណៈកម្ពុជាក៏ជាប្រទេសមួយ ដែលមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនបរទេសផងដែរ។

ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយនឹងលោក Martin Vavra ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋឆែកប្រចាំកម្ពុជា ។

យោងតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ឲ្យដឹងក្រោយជំនួបថា ក្នុងជំនួបនេះលោក ម៉ាទីន បានជម្រាបជូនសម្តេចតេជោថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់ឡើង និងស៊ីជម្រៅថែមទៀត។

លោកបានបន្ថែមថា “សាធារណៈរដ្ឋឆែក មានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍យ៉ាងជិតស្និទជាមួយនឹងកម្ពុជា។ ឈរនៅលើមូលដ្ឋាននេះ លោកបានសន្យា ជូនសម្តេចតេជោថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងលើវិស័យវិនិយោគ ។លោកក៏បានជំរាបជូនសម្តេចតេជោដែរថា សាធារណៈរដ្ឋឆែក នឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស”។

សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ និងអបអរជូនចំពោះលោក ម៉ាទីន វ៉ាវរ៉ា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅកម្ពុជា។

សម្តេចតេជោ បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលសាធារណៈរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ពីនោះទៅទៀត ក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលសេសសល់ បានបង្វែរមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើម។ សម្តេចតេជោ បានឱ្យលោកអគ្គរដ្ឋទូតថ្មីរបស់ឆែកប្រចាំកម្ពុជា យកចិត្តទុកដាក់ ទៅលើការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទៅលើការអភិវឌ្ឍធនធានមនុស្ស ខណៈកម្ពុជាក៏បាន និងកំពុងតែជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាចចាក់បានដល់ទៅ១០លាននាក់ ត្រឹមតែវិច្ឆិកាខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here