ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលបាននិងកំពុងសាងសង់បាននិងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា តើដំណាក់កាលទី១របស់ព្រលាននេះ នឹងមានវិសាលភាពកម្រិតណា។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី១៥ មិថុនានេះថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ជាព្រលានកម្រិត4F ដែលអាចចុះចតយន្តហោះកម្រិតអន្តរទ្វីបបាន ព្រោះផ្លូវរត់របស់យន្តហោះមានប្រវែងរហូតដល់៤០០០ម៉ែត្រ។
លោកបន្តថា ក្នុងដំណាក់កាលនេះ ក្រុមហ៊ុននឹងសាងសង់ផ្លូវរត់ចំនួន១ប៉ុណ្ណោះ ក្នុងចំណោមផ្លូវរត់ចំនួនពីរ និងស្ថានីយ៍ទទួលអ្នកដំណើរ នឹងសាងសង់តែមួយចំហៀងប៉ុណ្ណោះ ហើយការពង្រីកបន្ថែមទៀត នឹងធ្វើឡើងតាមដំណាក់កាលជាក់ស្តែងនឹងធ្វើឡើងតាមផែនការមេរបស់ក្រុមហ៊ុន។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះ គឺសមស្របនឹងចំនួនភ្ញៀវធ្វើដំណើរ ដដែលរំពឹងទទួលបាន១៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ។