ប្រទេសថៃរំពឹងទាក់ទាញទំហំទុនវិនិយោគជាង៩០០០លានដុល្លារ នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ខ្លួន

0

ដោយៈ គៀតឈូ

ភ្នំពេញៈ រដ្ឋាភិបាលថៃរំពឹងថា ទំហំវិនិយោគនៅច្រករបៀងសេដ្ឋកិច្ច នៅភាគខាងកើត (EEC) នឹងកើនឡើងដល់៣០០ពាន់លានបាត (ប្រមាណ៩,៦ពាន់លានដុល្លារ) នៅឆ្នាំនេះ តាមការរំពឹងទុករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

យោងតាមលោក Kanit Sangsubhan អគ្គលេខាធិការការិយាល័យតំបន់ EEC បានឱ្យដឹងថា ការវិនិយោគឯកជននឹងកើនឡើងនៅឆ្នាំនេះ ដែលត្រូវបានជំរុញដោយការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃពាណិជ្ជកម្មពិភពលោក។

លោកKanit មានប្រសាសន៍ថា “ការវិនិយោគជាក់ស្តែងនាពេលបច្ចុប្បន្ន មានកម្រិតទាបណាស់កាលពីឆ្នាំមុន ដោយសារវិនិយោគិនមានការស្ទាក់ស្ទើរ ក្នុងការបោះទុនវិនិយោគ ដោយសារវិបត្តិកូវីដ១៩។ ប៉ុន្តែ វិនិយោគិនត្រូវបានរំពឹងថានឹងបង្កើនការវិនិយោគវិញនៅឆ្នាំនេះ”។

កាលពីឆ្នាំមុន ការវិនិយោគជាក់ស្តែងនៅក្នុងតំបន់ EEC មានទំហំទឹកប្រាក់សរុប៩៦ពាន់លានបាត ស្មើនឹង៤៦% នៃពាក្យសុំវិនិយោគសរុបដែលបានដាក់ចេញ តាមរយៈក្រុមប្រឹក្សាវិនិយោគថៃ (BoI)។
ជាមួយគ្នានេះដែរ តំបន់ EEC គឺជាតំបន់យុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រទេសថៃឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលទំនើប។

តំបន់នេះ លាតសន្ធឹងលើផ្ទៃដីរួមប្រមាណ៣០.០០០រ៉ៃ នៅខេត្តឈុនបូរី ខេត្តរ៉ាក់យ៉ង និងឆាឆេងសៅ (Chachoengsao) ដើម្បីទទួលការវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម ដែលភាគច្រើនផ្តោតសំខាន់លើបច្ចេកវិទ្យាជឿនលឿន។

តំបន់ EEC នឹងរៀបចំជាតំបន់ផ្តោតលើឧស្សាហកម្មគោលដៅចំនួន១២ រួមមានរថយន្ត អេឡិចត្រូនិកឆ្លាតវៃ ទេសចរណ៍សុខាភិបាល និងសុខភាព កសិកម្មនិងជីវបច្ចេកវិទ្យា ចំណីអាហារ មនុស្សយន្តសម្រាប់ឧស្សាហកម្ម ភ័ស្តុភារ និងអាកាសចរណ៍ ជីវឥន្ធនៈនិងជីវគីមី ឌីជីថល សេវាវេជ្ជសាស្រ្ត ការពារនិងអភិវឌ្ឍការអប់រំ។

រដ្ឋាភិបាលថៃកំពុងផ្តល់ជូននូវលើកទឹកចិត្តជាច្រើន សម្រាប់ការវិនិយោគនៅក្នុងតំបន់នេះ ដែលរាប់បញ្ចូល ការកាត់បន្ថយលើផ្នែកពន្ធរយៈពេល៥ទៅ១០ឆ្នាំ អាស្រ័យលើប្រភេទវិនិយោគ ការលើកលែងពន្ធលើប្រាក់ចំណូលក្រុមហ៊ុន សម្រាប់រយៈពេល២ឆ្នាំបន្ថែម និងការកាត់បន្ថយពន្ធក្រុមហ៊ុន៥០ភាគរយ សម្រាប់រយៈពេល៣ឆ្នាំ សម្រាប់ការវិនិយោគ និងគម្រោងទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here