ក្រុមហ៊ុនBlackstone គ្រោងចុះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចិនតម្លៃ៣ពាន់លានដុល្លារអាមេរិក

0

ដោយៈសុខុម

អាមេរិកៈ ក្រុមហ៊ុន Blackstone Group Inc កំពុងជិតឈានដល់ការចុះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនអភិវឌ្ឍន៍ អគារការិយាល័យចិន Soho China។ បើឈានដល់ការចុះកិច្ចព្រមព្រៀង នេះជាការវិនិយោគធំបំផុត ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Bloomberg News បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៥ មិថុនា។

សារព័ត៌មានដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Soho China ដែលបានចុះបញ្ជីនៅក្រុងហុងកុង អាចមានតម្លៃប្រហែល៣ពាន់លានដុល្លារអាមេរិក នៅក្នុងកិច្ចព្រមព្រៀងដែលអាចនឹងប្រកាសនៅចុងសប្តាហ៍នេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់សហរដ្ឋអាមេរិក Blackstone Group Inc បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ជុំវិញដំណឹងនេះ ចំណែកឯក្រុមហ៊ុន Soho China ក៏មិនបានឆ្លើយតបទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំការបំភ្លឺនោះដែរ។

ដំណឹងនេះបែកធ្លាយមួយថ្ងៃ ក្រោយពីភាគហ៊ុនរបស់ក្រុមហ៊ុន Soho China ត្រូវបានផ្អាកមិនឱ្យធ្វើការជួញដូរ តាមសំណើរបស់ក្រុមហ៊ុន ដោយរង់ចាំសេចក្តីប្រកាសមួយស្ថិតក្រោមច្បាប់របស់ក្រុងហុងកុង ស្តីពីការកាន់កាប់ និងការច្របាច់បញ្ចូលគ្នា។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Refinitiv ដែលជាក្រុមផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកបង្ហាញថា ក្រុមហ៊ុននេះមានតម្លៃទីផ្សារ២,៥៥ពាន់លានដុល្លារអាមេរិក បើគិតត្រឹមពេលបិទការជួញដូរលើកចុងក្រោយ។

ភាគហ៊ុន៦៤%នៃក្រុមហ៊ុន Soho China កាន់កាប់ដោយលោក Pan Shiyi ដែលជាប្រធានក្រុមហ៊ុន និងភរិយាគឺលោកស្រី Zhang Xin ដែលជានាយកប្រតិបត្តិ។

បង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោក Pan Shiyi និងលោកស្រី Zhang Xin ក្រុមហ៊ុនSoho China បានចុះបញ្ជីជាសាធារណៈនៅក្រុងហុងកុង ក្នុងឆ្នាំ២០០៧ ហើយក្រុមហ៊ុនមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ខាងសាងសង់អគារការិយាល័យ បែបថ្ងៃអនាគតនៅចិនដីគោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here