ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនធំៗជាច្រើន បានសម្រុកទៅបោះទីតាំងវិនិយោគ ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើតម្រូវការដីបែបឧស្សាហកម្មនៅក្នុងខេត្តនេះកើនឡើង ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ។
ប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះថា តម្រូវអចលនទ្រព្យបែបឧស្សាហកម្មនៅក្នុងខេត្តកំពង់ស្ពឺ នៅមានជាបន្តបន្ទាប់ ដោយសាក្រុមហ៊ុនវិនិយោគជាច្រើនបានទៅបោះទីតាំងនៅក្នុងខេត្តមួយនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកបានថ្លែងប្រាប់ថា “ការរៀបចំតំបន់ឧស្សាហកម្ម គឺអាស្រ័យទៅលើទីតាំងដែលខិតជិតតំបន់ ដែលក្រុមហ៊ុនត្រូវដឹកជញ្ជូនចេញចូល ហើយខេត្តកំពង់ស្ពឺគឺតំបន់អាទិភាពមួយ សម្រាប់ការរៀបចំជាតំបន់ឧស្សាហកម្ម ដោយសារតែខេត្តកំពង់ស្ពឺមានលក្ខណៈភូមសាស្ត្រអំណោយផល ក្នុងការដឹកជញ្ជូនទៅកាន់ខេត្តព្រះសីហនុ ដែលជាច្រកនាំចេញនាំចូលតាមផ្លូវទឹក”។
លោកបានថ្លែងបន្តថា“ទាំងនេះហើយជាហេតុដែលធ្វើឱ្យរោងចក្រ និងសហគ្រាសជាច្រើន បានជ្រើសរើសយកកំពង់ស្ពឺជាទីតាំងផលិតកម្មរបស់ខ្លួន ហើយវាធ្វើឱ្យតម្រូវការដីបែបឧស្សាហកម្មកើនឡើងជាបន្តបន្ទាប់”។
លោកច្រឹក សុខនីមបានឱ្យដឹងថា ការបង្កើតរោងចក្រ ឧស្សាហកម្ម នឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ណា ដែលក្រុមហ៊ុនបានបោះទីទាំងផលិតកម្ម តាមរយៈការបង្កើតការងារដល់ប្រជាជន។
ក្នុងរយៈពេល៣ខែចុងក្រោយ គិតពីខែមីនា ដល់ដើមខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីៗចំនួន៥បន្ថែមទៀត ដែលបោះទុនវិនិយោគ១៧លានដុល្លារ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបង្កើតរាប់ពាន់កន្លែងដល់ប្រជាជន។
គម្រោងវិនិយោគថ្មីៗនេះ មានដូចជា គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទីក គម្រោងបង្កើតរោងចក្រផលិតគ្រឿង បន្សំស្បែកជើង គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ជាដើម។
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង២០០គម្រោង ក្នុងនោះរោងចក្រ សហគ្រាសកំពុងដំណើការមាន១៥៣រោចចក្រ ហើយរោងចក្រខ្លះទៀត កំពុងងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង១២ម៉ឺននាក់។
អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានឱ្យដឹងថា “បច្ចុប្បន្នមានរោងចក្រ សហគ្រាស ក៏ដូចជា គម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជា គម្រោងដែលត្រៀមនឹងមកវិនិយោគទាំងអស់ នៅតែបន្តតាមផែនការ ទោះប្រទេសកំពុងមានវិបត្តិកូវីដក៏ដោយ”៕