ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនMC Payment បានឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនានេះថា ខ្លួនមិនអាច “យល់ព្រម” ជាមួយនឹងការស្នើសុំរបស់ម្ចាស់ភាគហ៊ុន លោកChing Chiat Kwong ដែលថា លទ្ធផលហិរញ្ញវត្ថុមិនល្អរបស់ក្រុមហ៊ុន ជារឿងចាំបាច់សម្រាប់លោក Ching ដើម្បីការពារការវិនិយោគរបស់លោក ដោយស្នើសុំឱ្យរៀចំក្រុមប្រឹក្សាភិបាលឡើងវិញ។
លោក Ching ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Oxley Holdings ដែលមានវិនិយោគនៅកម្ពុជា គ្រោងបន្ថែមនាយក(director)ចំនួន៥រូប ទៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន MC Payment រួមទាំងរូបលោកផងដែរ។
ក្រុមហ៊ុន MC Payment បានឱ្យដឹងថា ដំណោះស្រាយសម្រាប់បញ្ហានេះ នឹងត្រូវយកទៅបោះឆ្នោតនៅឯកិច្ចប្រជុំវិសាមញ្ញ ដែលមានការចូលរួមពីសមាជិកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន (EGM) មួយ នៅថ្ងៃទី៣០ ខែមិថុនា។
លោក Ching បានស្នើសុំដកប្រធានក្រុមប្រឹក្សាភិបាលទាំងអស់ ដោយរក្សាទុកសមាជិកមួយក្រុម។
ក្រុមហ៊ុនបាននិយាយថា ដំណោះស្រាយសម្រាប់បញ្ហានេះ នឹងត្រូវពន្យារពេលទៅកិច្ចប្រជុំវិសាមញ្ញផ្សេងទៀត។
នៅក្នុងកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃពុធ ក្រុមហ៊ុន MC Payment បាននិយាយថា សេចក្តីជូនដំណឹងដំបូងរបស់លោក Ching “បានលើកឡើងថា ក្រុមហ៊ុនមានដំណើរការមិនបានល្អ” ហើយថា “ប្រសិនបើគ្មានការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់លោកទេ ក្រុមហ៊ុននឹងមិនអាចបន្តដំណើរ”បានទេ។
ដោយមានការជំទាស់អំពីរឿងនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនMC Payment បាននិយាយថា ការលក់ភាគហ៊ុន (RTO) នៃក្រុមហ៊ុន Artivision Technologies បានផ្តល់អត្ថប្រយោជន៍ដល់លោក Ching។ ជាមួយនឹងការចាក់បញ្ចូលទុនរបស់ក្រុមហ៊ុន MC Payment ទៅក្នុងក្រុមហ៊ុន Artivision ប្រាក់កម្ចីដែលលោក Ching បានផ្តល់ឱ្យក្រុមហ៊ុន Artivision អាចទូទាត់សងវិញបាន។
លើសពីនេះទៀត តាមរយៈការលក់ភាគហ៊ុន និងកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ លោក Ching បានចរចាលក្ខខណ្ឌទូទាត់ប្រាក់ចំនួន២១,៩លានដុល្លារ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ដែលជាកាលបរិច្ឆេទអនុវត្តចុងក្រោយ។
ក្រុមហ៊ុនក៏បានកត់សម្គាល់ផងដែរថា ចាប់តាំងពីការប្រជុំទូទៅប្រចាំឆ្នាំ នៅថ្ងៃទី២៨ ខែមេសាកន្លងទៅ លោកShawn Ching ដែលកូនប្រុសរបស់លោកChing និងនាយកម្នាក់ទៀត ដែលជាប់ទាក់ទងនឹងលោក Ching មិនត្រូវបានបោះឆ្នោតជាថ្មីទេ អ្នកគ្រប់គ្រងបច្ចុប្បន្ន ត្រូវបានកំណត់ពេលវេលា និងឱកាស ដើម្បីដំណើរការ និងជំរុញអាជីវកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន។
ក្រុមហ៊ុន MC Payment បាននិយាយថា ខ្លួនបានបើកកិច្ចពិភាក្សាជាមួយលោក Ching ពីថ្ងៃទី៤ ដល់ថ្ងៃទី២៨ ខែឧសភា ក្នុងគោលបំណង ដើម្បីឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ប៉ុន្តែការពិភាក្សាទាំងនេះណាមួយ គ្មានដំណោះស្រាយនោះទេ។
លោក Ching កាន់ភាគហ៊ុន២៧,០៦% នៅក្នុងក្រុមហ៊ុន MC Payment គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ លោកកំពុងព្យាយាមតែងតាំងកូនប្រុសរបស់គាត់ឈ្មោះ Harry Ng លោក Rothschild Chee និងលោក Tan Chee Keong ទៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន MC Payment ។
ក្រុមហ៊ុននឹងបើកកិច្ចប្រជុំលើកទី២ ជាមួយម្ចាស់ភាគហ៊ុននៅ ឬមុនថ្ងៃទី២៣ ខែមិថុនា ដែលនឹងផ្សព្វផ្សាយព័ត៌មាន និងឯកសារបន្ថែមទៀត ដែលតែងតាំងនាយកដែលត្រូវបានស្នើឡើង និងរាយការណ៍ស្តីពីភាពសស័ក្តិសមរបស់នាយក ដែលស្នើឡើងដោយក្រុមប្រឹក្សាភិបាល ហើយឆ្លើយតបទៅនឹងការចោទ ប្រកាន់របស់លោក Ching៕ ប្រភពៈ The Straits Times៕