ដោយៈ ប៊ី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋ-កិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ជាផ្លូវការ ដែលជាម៉ូដែលកំណើនសេដ្ឋកិច្ចថ្មី ដើម្បីឆ្លើយតប និងបង្កើនភាពធន់ខ្ពស់ទៅនឹងការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគតផង ជាពិសេសការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ត្រូវបានរៀបចំ ស្របតាមតម្រូវការជាក់-ស្ដែង សក្តានុពល ធនធាន និងសមត្ថភាព ទាំងនៅក្នុងវិស័យសាធារណៈ និង ទាំងនៅក្នុងវិស័យឯកជន។
-->
ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីនេះត្រូវរៀបចំធ្វើឡើង ដើម្បីធ្វើការតម្រង់ទិសការអភិវឌ្ឍ និងដំណើរនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាពពេញលេញ បូរណភាពទឹកដី សាមគ្គីភាពជាតិ និង ស្ថិរភាពនយោបាយ ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដែលកម្ពុជាសម្រេចបានជាងបីទសវត្សរ៍កន្លងទៅ។
តាមរយៈក្របខណ្ឌគោលនយោបាយនេះ កម្ពុជាកំណត់យកចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និង ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី” ក្នុងគោលបំណងកសាងសេដ្ឋ-កិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និង ជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង ។

ដើម្បីសម្រេចនូវចក្ខុវិស័យ និង គោលបំណងនេះ, ក្របខណ្ឌគោលនយោបាយនេះកំណត់យកគោលដៅចម្បងៗ ដែលជាគ្រឹះ និង សសរស្ដម្ភ នៃការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ដោយក្នុងនោះ គ្រឹះចំនួន ២ រួមមាន៖ (១). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, និង (២). ការកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល និង សសរស្ដម្ភចំនួន ៣ រួមមាន៖ (១). ការកសាងពលរដ្ឋឌីជីថល, (២). ការកសាងរដ្ឋាភិបាលឌីជីថល និង (៣). ការជំរុញធុរកិច្ចឌីជីថល ក្នុងរយៈពេល ១៥ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣៥ ។
ជាមួយគ្នានេះដែរ ភាពជោគជ័យនៃក្របខណ្ឌគោលនយោបាយនេះ នឹងសម្រេចបានដោយទាមទារនូវកិច្ចសហប្រតិបត្តិការ និង ការសម្របសម្រួលរវាងក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្ត ក្នុងស្មារតីម្ចាស់ការ សាមគ្គី-ភាពរឹងមាំ និង ការទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ដែលរួមមាន វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ កម្ពុជាក៏នឹងទាញយកផលប្រយោជន៍បន្ថែមពីការចូលរួមក្នុងកិច្ចសហ-ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាគំនិតផ្ដួចផ្ដើមឌីជីថលអន្តរជាតិ ស្ដីពីសេដ្ឋកិច្ច, សង្គម, ធុរកិច្ច, ហិរញ្ញ-វត្ថុ, ការសិក្សាស្រាវជ្រាវ, និង ការប្រើប្រាស់ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យា និង សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី ទាំងក្នុងកម្រិតអនុតំបន់ តំបន់ និង សកល៕