ដោយ សុខុម
ក្រុងអូស្លូ: ក្រុមហ៊ុនន័រវែស Adevinta ទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៨ មិថុនាថា ខ្លួន និងក្រុមហ៊ុនយក្សអាមេរិក eBay ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ទទួលបានការអនុម័តពីក្រុមនិយ័តករដំណាក់ការចុងក្រោយហើយសម្រាប់កិច្ចព្រមព្រៀងចាប់ដៃគូសហការក្នុងអាជីវកម្មផ្សាយពាណិជ្ជកម្ម (Classified Ads) របស់ខ្លួនទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។
ស្ថិតក្រោមកិច្ចព្រមព្រៀងមួយចុះកាលពីឆ្នាំ២០២០ ក្រុមហ៊ុន Adevinta នឹងទិញយកក្រុមហ៊ុនបុត្រសម្ព័ន្ធ Classifieds Group របស់ក្រុមហ៊ុនមេ eBay ជាថ្នូរនឹងទឹកប្រាក់ចំនួន២,៥ពាន់លានដុល្លារ និងភាគហ៊ុនចំនួន៥៤០លានភាគហ៊ុន ដែលធ្វើឱ្យប្រតិបត្តិការជួញដូរនេះមានតម្លៃប្រហែល១៣ពាន់លានដុល្លារបើគិតពីតម្លៃទីផ្សារភាគហ៊ុនបច្ចុប្បន្ន។
ការអនុម័តពីនិយ័តករដំណាក់កាលចុងក្រោយនេះ គឺចេញពីស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសអូទ្រីស ដោយឆ្លងផុតឧបសគ្គចុងក្រោយដែលរាំងស្ទះដល់កិច្ចព្រមព្រៀងនេះ ក្រោយទទួលបានការបើកភ្លើងខៀវពីអាជ្ញាធរទទួលបន្ទុកការប្រកួតប្រជែង និងទីផ្សារ (Competition and Markets Authority) របស់ប្រទេសអង់គ្លេស កាលពីដើមខែនេះ។
ក្រុមហ៊ុន Adevinta ដែលចុះបញ្ជីនៅក្រុងអូស្លូ បានចេញសេចក្តីថ្លែងការណ៍ថា “ក្រុមហ៊ុន Adevinta មានក្ដីសោមនស្សរីករាយសូមប្រកាសថា ប្រតិបត្តិការជួញដូរនេះអាចនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៥ មិថុនា ដ៏ខ្លីខាងមុខនេះ”។
ប្រតិបត្តិការជួញដូរនេះធ្វើឱ្យម្ចាស់ភាគហ៊ុនធំជាងគេបំផុតរបស់ក្រុមហ៊ុនថ្មី eBay Adevinta កាន់កាប់ភាគហ៊ុនសរុប៤៤% និងទទួលបានសំឡេងឆ្នោតគាំទ្រ៣៣,៣% ហើយក្រុមហ៊ុនអាមេរិក eBay ទទួលបាន២អាសនៈនៅក្នុងប្រឹក្សានាយករបស់ក្រុមហ៊ុនថ្មីនេះ ចំណែកឯក្រុមហ៊ុនន័រវែស Adevinta ទទួលបានសំឡេងឆ្នោតគាំទ្រ៣៩,៤%។
ប៉ុន្តែជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយអាជ្ញាធរទទួលបន្ទុកការប្រកួតប្រជែងសហព័ន្ធ (Federal Competition Authority (FCA)) របស់ប្រទេសអូទ្រីស ក្រុមហ៊ុន eBay ត្រូវកាត់បន្ថយផលប្រយោជន៍ហិរញ្ញវត្ថុរបស់ខ្លួនក្នុងក្រុមហ៊ុន Adevinta មកនៅត្រឹមចំនួនមិនឱ្យលើសពី៣៣%ក្នុងរយៈពេល១៨ខែនៃការបិទបញ្ចប់ប្រតិបត្តិការជួញដូរនេះ៕