ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកនៅក្នុងឧស្សាហកម្មយានយន្តបានអះអាងថា ទីផ្សាររថយន្តថ្មីបានកើនឡើងដល់៣០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអ្នកប្រើប្រាស់មានការយល់ដឹងជាងមុន និងកត្តាតម្លៃមានភាពប្រហាក់ប្រហែលរថយន្តមួយតឹក និងកត្តាជាច្រើនទៀត។
អគ្គនាយកក្រុមហ៊ុនRMA Cambodia លោក ងន សាំងបានមានប្រសាសន៍ឲ្យដឹងថា ការកើនឡើងចំណែកទីផ្សារថយន្តថ្មី មួយផ្នែកគឺដោយសារតែការបន្ធូបន្ថយអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួនចាប់ពី១០ ទៅ២០ភាគរយកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ។

-->
លោកបានបន្តថា “ការបន្ថយអត្រាអាករពិសេសនេះ បានជួយដល់ទីផ្សាររថយន្តថ្មីនៅកម្ពុជា ពីព្រោះតម្លៃរថយន្តថ្មីបានធ្លាក់ចុះខ្លះ ធ្វើឱ្យតម្លៃប្រហាក់ប្រហែលរថយន្តមួយទឹក”។លោកបន្តថា “ដោយសារតែប្រជាពលរដ្ឋយល់ដឹងច្រើន ពីសារៈប្រយោជន៍នៃរថយន្តថ្មី ដែលស៊ីប្រេងតិច ហើយការថែទាំក៏ចំណាយថវិការតិច ជាងរថយន្តមួយទឹក។
ចំណែករថយន្តមួយទឹក អ្នកទិញពិបាកមើលពីប្រវត្តរថយន្ត មិនដឹងថាតើរថយន្តនោះធ្លាប់បុក ឫប៉ះទង្គិចគ្នាពីមុនមកឫអត់”។
លោក ងន សាំង បានបន្តថា ការលក់ថយន្ត ទាំងរថយន្តមួយទឹក និងរថយន្តថ្មី បានថយចុះអស់ប្រមាណ៣០ភាគរយ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជនកម្ពុជា។

បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យទឹកប្រាក់នៃការនាំចូលរថយន្តពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០២០ ធ្លាក់ចុះជាង៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ កម្ពុជាបានចំណាយប្រាក់១០៩៩លានដុល្លារ ទៅលើការនាំចូលរថយន្ត ពីទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២០ ដែលចំនួននេះធ្លាក់ចុះពី១ ៧៣៤លានដុល្លារក្នុងឆ្នាំ ២០១៩។
ការធ្លាក់ចុះនៃចំនួនទឹកប្រាក់នាំចូលរថយន្ត បានធ្វើឱ្យការប្រមូលចំណូលពន្ធគយរបស់កម្ពុជាក្នុងឆ្នាំ២០២០ ធ្លាក់ចុះប្រមាណ៣០,២៦លានដុល្លារ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕